ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក ៖ កូរ៉េខាងជើងមាន អាវុធគីមីរហូតដល់ទៅ​៥ពាន់តោន និងគ្រាប់បែកបរមាណូ​៦០គ្រាប់

ចែករំលែក៖

អន្តរជាតិ៖ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង​បានផ្សាយថា ​តាមលទ្ធផលស្រាវជ្រាវរបស់អាមេរិក​កូរ៉េខាងជើងមានគ្រាប់បែកបរមាណូរហូតដល់ទៅ​៦០គ្រាប់ និង​ឃ្លាំងអាវុធគីមីសាស្ត្រប្រមាណ​៥០០០តោន ។
តាមរបាយការណ៍របស់អាមេរិកបាន ឱ្យដឹងថា កូរ៉េខាងជើងមានគ្រាប់បែកបរមាណូពី ២០-៦០គ្រាប់ ​ហើយប្រទេសនេះមានសារធាតុអ៊ុយរ៉ានីញ៉ូមអាចផលិតបានគ្រាប់បែកបរមាណូយ៉ាងតិច​៦គ្រាប់ក្នុងមួយឆ្នាំ។ ក្រៅពីនេះកូរ៉េខាងជើង ក៏មានអាវុធគីមីសាស្ត្រ​ ជីវសាស្ត្រ​ប្រមាណ​២៥០០ដល់ទៅ​៥០០០តោន គឺច្រើនលំដាប់ទី​៣លើពិភពលោក។
កម្លាំងទាហានអាមេរិក​បានព្រមានថា កូរ៉េខាងជើងកំពុងតែស្រាវជ្រាវ បំពាក់​អាវុធជីវសាស្ត្រ​អាចចម្លងវីរុស ពេលវាយប្រហារទៅលើទីតាំងសត្រូវ។ តាមរបាយការណ៍របស់អាមេរិក​ កូរ៉េខាងជើងក្រោមការដឹកនាំរបស់លោកគីម ជុងអ៊ុន កំពុងតែខិតខំផលិតអាវុធដើម្បីពង្រឹងអំណាចរបស់ខ្លួន ក៏ដូចជាការពារទឹកដីកូរ៉េខាងជើង ។
មេដឹកនាំ កូរ៉េខាងជើងធ្លាប់បានប្រកាសថា មានតែអាវុធបរមាណូប៉ុណ្ណោះ ជារនាំងការពារប្រទេសជាតិដ៏រឹងមាំ ទប់ស្កាត់រាល់ការគំរាមកំហែងវាយប្រហារពីសត្រូវ ។ មួយវិញទៀតកូរ៉េខាងជើង មិនទាន់មានសន្តិភាពពេញលេញនៅឡើយទេ​ដែលជាហេតុធ្វើឲ្យកូរ៉េខាងជើងត្រូវតែផលិតអាវុធការពារ​ខ្លួន។ ​សង្គ្រាមឆ្នាំ​១៩៥០ បានបញ្ជប់ទៅដោយកិច្ចព្រមព្រៀងឈប់បាញ់នៅឆ្នាំ​១៩៥៣តែប៉ុណ្ណោះ មិនមែនសន្ធិសញ្ញាសន្តិភាពនោះឡើយ៕

ដោយ៖ធី រីណា


ចែករំលែក៖