ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរសាធារណការរាជធានីភ្នំពេញលាបគំនូសសញ្ញាចរាចរណ៍ថ្មីឡើងវិញនៅមហាវិថីសហព័ន្ធរុស្សុីដើម្បីងាយស្រួលក្នុងការបើកបរ

ចែករំលែក៖

ភ្នំពេញ៖ តាំងពីមុនរហូតដល់បច្ចុប្បន្ននេះ តាមបណ្ដាវិថីតូចធំមួយចំនួនក្នុងមូលដ្ឋានទាំង១៤ខណ្ឌ តែងតែមានការខូចខាត និងរលុបគំនូសសញ្ញាចរាចរណ៍ ដូច្នេះហើយទើបសាលារាជធានីភ្នំពេញយកចិត្តទុកដាក់ពីបញ្ហា ការខូចផ្លូវ ការរលុបគំនូសសញ្ញាចរាចរណ៍ ការកកស្ទះចរាចរណ៍ និងការរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាមហាវិថីនិងផ្លូវតូចៗដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកសោភណភាពទីក្រុងផងដែរ។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ សកម្មភាពលាបគំនូសសញ្ញាចរាចរណ៍របស់មន្ទីរសាធារណការ បានបន្តលាបគំនូសសញ្ញាចរាចរណ៍តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី នៅចំណុចមុខទីស្ដីការគណៈរដ្ឋមន្រ្តីក្នុង មូលដ្ឋានសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មន្រ្តីជំនាញបានបញ្ជាក់ប្រាប់ថា ដោយសង្កេតឃើញថា នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ត្រង់ចំណុចមុខទីស្ដីការគណៈរដ្ឋមន្រ្តី ក្នុងមូលដ្ឋានសង្កាត់មិត្តភាពនេះ គំនូសសញ្ញាចរាចរណ៍មានការរលុបបាត់ស្ទើរតែទាំងស្រុង ដូច្នេះមន្ទីរសាធារណការបានចាត់កម្លាំងចុះអ៊ុតគំនូសសញ្ញាថ្មីឡើងវិញ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការបញ្ជាយានយន្ត។ 

ទន្ទឹមនឹងនេះដែររដ្ឋបាលសាលារាជធានីភ្នំពេញ បានបន្តជួសជុល អ៊ុតកៅស៊ូនិងលាបពណ៌គំនូសចរាចរណ៍បង្ហើយការសាងសង់ ដើម្បីដាក់ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរងាយស្រួល មិនបង្កការកកស្ទះដូចពេលកន្លងមក៕ ដោយ៖ រ៉ារ៉ា


ចែករំលែក៖