ភំ្នពេញ ៖ ដើម្បីធានាបានការបញ្ជាដឹកនាំកិច្ចប្រតិបត្តិការរក្សាសុវត្ថិភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្របពេលដែលប្រជាពលរដ្ឋខ្មែរត្រូវបានធ្វើដំណើរទៅលេងស្រុកកំណើត ឬទេសចរណ៍កម្សាន្តនៅតាមទីកន្លែងផ្សេងៗប្រកបដោយសុខសុវត្ថិភាព របៀបរៀបរយបានល្អប្រសើរ ក្នុងឱកាសរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យមន្រ្តី រាជការ និយោជិត កម្មករ ឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំថ្មី ចំនួន៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៧–២១ ខែសីហាឆ្នាំ២០២០នោះ លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំវេនប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដែលជាវេនប្រចាំការក្រុមទី៤ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នៅទីបញ្ជាការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ក្នុងវេនប្រចាំការក្រុមទី៤នេះរួមមាន ៖ លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ានអគ្គស្នងការរងនគរបាលជាតិ ជាប្រធាន, លោកឧត្តមសេនីយ៍ឯកចាន់ ស៊ីថាអគ្គស្នងការរងនគរបាលជាតិ ជាអនុប្រធាន រួមនឹងលោកឧត្តមសេនីយ៍ប្រធាន–អនុប្រធាននាយកដ្ឋាន–អង្គភាពជាច្រើនរូបទៀតជាសមាជិក។
ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បាននាំយកប្រសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ថា ក្រុមប្រចាំការវេននីមួយៗ មានភារកិច្ចប្រមូលផ្តុំនូវសភាពការណ៍តាមបណ្តារាជធានី–ខេត្តសហការតាមអនុក្រឹត្យលេខ១០១ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២០ របស់រាជរដ្ឋាភិបាល ព្រមទាំងបូកសរុបរបាយការណ៍សភាពការណ៍ប្រចាំថ្ងៃជូនថ្នាក់ដឹកនាំ ដើម្បីជ្រាប និងចង្អុលដឹកនាំ៕ដោយ៖សហការី