អន្តរជាតិ៖ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០ នេះប្រទេសស៊ុយអែតមានអ្នកស្លាប់ដល់ទៅ ៥១ ៤០៥នាក់ ក្នុងនោះមានជាង៥ពាន់នាក់ស្លាប់ដោយកូវីដ-១៩ គឺច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល១៥០ឆ្នាំកន្លងមក។
ជាមួយយុទ្ធនាការប្រឆាំងកូវីដ-១៩ បើប្រៀបធៀបចំនួនប្រជាជន គឺប្រទេសស៊ុយអែតមានអ្នកស្លាប់ខ្ពស់ជាងគេបំផុតនៅតំបន់អឺរ៉ុបខាងជើង បើទោះបីប្រទេសស៊ុយអែតមានចំនួនអ្នកឆ្លងទាបជាងប្រទេសអង់គ្លេស និងអេស្ប៉ាញ ក៏ដោយ។ សរុបប្រទេសស៊ុយអែតមានអ្នកស្លាប់ដល់ទៅ៥១.៤០៥នាក់ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០ គឺខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៨៦៩ ដែលនៅពេលនោះមានអ្នកស្លាប់៥៥.៤៣១នាក់ ភាគច្រើនស្លាប់ដោយគ្រោះអត់ឃ្លាន។
ក្នុងឆ្នាំ១៨៦៩ប្រជាជនស៊ុយអែតមានតែ ៤,១លាននាក់ប៉ុណ្ណោះ ហើយបច្ចុប្បន្នមានពលរដ្ឋ ១០,៣លាននាក់ ។ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសស៊ុយអែតកើនឡើងខ្ពស់ជាង១០ភាគរយ បើប្រៀបធៀបនឹងកម្រិតមធ្យម ក្នុងរយៈពេល៥ឆ្នាំកន្លងមក។
បច្ចុប្បន្ន ស៊ុយអែតមានអ្នកឆ្លងកូវីដ-១៩ រហូតដល់ទៅ ៨៥.៤១១នាក់ និងស្លាប់កើនឡើងដល់ ៥.៨០២នាក់។ ជាមួយគ្នានេះក៏មានអ្នកព្យាបាលជាសះស្បើយកើនឡើងដល់ទៅជិត៨មុឺននាក់ផងដែរ៕ដោយ៖ធី រីណា