ខេត្តសៀមរាប៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី២០ខែសីហានេះ បន្ទាប់ពីនគរបាលប៉ុស្ដិ៍រដ្ឋបាលជ្រាវ បានសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធករណីលួចម៉ូតូ។
ជនសង្ស័យឈ្មោះរី ហ្វីន ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិខ្នារ សង្កាត់ជ្រាវក្រុង.ខេត្តសៀមរាបបានលួចកាច់សោកម៉ូតូរបស់គ្រូបង្រៀន នៅក្នុងកន្លែងអង្គការបណ្ដុះបណ្ដាលដើម្បីគុណភាព។
ភ្លាមៗនោះសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួនបានប្រគល់ឲ្យនគរបាលយុត្តិធម៌កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីធ្វើការផ្ដន្ទាទោសជនសង្ស័យទៅផ្លូវច្បាប់។
រីឯចំពោះវត្ថុតាងម៉ូតូដោយមានបញ្ជាពីលោកស្នងការនគរបាលខេត្តសៀមរាបនគរបាលយុត្តិធម៌ក្រុងសៀមរាបនិងប៉ុស្ដិ៍នគរបាលរដ្ឋបាលជ្រាវបានធ្វើការប្រគល់ជូនជនរងគ្រោះយកទៅថែរក្សាគ្រប់គ្រងនិងប្រើប្រាស់វិញ៕ ដោយ៖ប្រាថ្នា