ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញ ស្លាប់ផ្កាប់មុខក្នុងភក់ក្រោមដើមដូង ដែលមានផ្លែដូងចំនួន២ផ្លែនៅក្បែរខ្លួនផង ខណៈគេដឹងថាគាត់ធ្លាក់ពីលើចុងដើមដូងនោះតែម្ដង ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៤ និង០០នាទី រសៀលថ្ងៃពុុធ ១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចក្រោមដើមដូងក្បែរផ្ទះជនរងគ្រោះ ស្ថិតនៅភូមិអូរស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
លោក វរៈសេនីយ៍ត្រី ឈឹម មានបាន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រងិលប្រាប់ថា ជនរងគ្រោះឈ្មោះ រ៉េត រី ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។
លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបន្តទៀតថា ជនរងគ្រោះបានស្លាប់ផ្កាប់មុខ ក្នុងភក់ក្រោមដើមដូងកម្ពស់ប្រមាណ៥ម៉ែត្រ ដែលគេដឹងថាគាត់ឡើងបេះផ្លែដូងនោះតែម្ដង ប៉ុន្តែបានធ្លាក់ដូចបានរៀបរាប់ខាងលើ សពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖បុឹម ពិន