អន្តរជាតិ៖ សកម្មជនប្រឆាំងរដ្ឋាភិបាលចំនួន ០៤នាក់ទៀតហើយ ត្រូវបានប៉ូលិសថៃ ឃាត់ខ្លួននៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហាឆ្នាំ២០២០នេះ ដោយជាប់ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍កាលពីថ្ងៃទី១៨ ខែកក្កដាកន្លងទៅ ដែលជាដើមចមបង្កឲ្យមានបាតុកម្មរីកធំឡើងៗ នៅទូទាំងប្រទេសថៃនោះ ។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA។
បើតាមមន្ត្រីប៉ូលិសថៃ បានបញ្ជាក់ថា សកម្មជន ចំនួន០៣នាក់ត្រូវបានឃាត់ខ្លួនកាលពីយប់ថ្ងៃពុធម្សិលមុិញនេះ និងម្នាក់ទៀតជាអ្នកសម្តែងរ៉េបនៅលើឆាក ត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃព្រហស្បតិ៍នេះតែម្តង ។ ដោយក្រុមសកម្មជនទាំង ០៤នាក់នេះ គឺសុទ្ធតែជាប់ឈ្មោះជាអ្នកប្រមូលផ្តុំកម្លាំងដើម្បីទាមទារឲ្យមានការរំលាយសភា កែប្រែរដ្ឋធម្មនុញ្ញ និងរៀបចំការបោះឆ្នោតឡើងវិញ។
វាគឺជាបាតុកម្មទ្រង់ទ្រាយធំបំផុត ដែលមិនធ្លាប់កើតមាននោះឡើយនៅថៃ គិតចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា ទម្លាក់រដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រាចេញពីអំណាចកាលពីខែឧសភាឆ្នាំ២០១៤។
សូមជម្រាបថា ការឃាត់ខ្លួនសកម្មជន ទាមទារលទ្ធិប្រជាធិបតេយ្យខាងលើនេះ ត្រូវបានប៉ូលិស អះអាងថា ដោយសារតែពួកគេបានរំលោភច្បាប់សន្តិសុខផ្ទៃក្នុង និងការប្រកាសអាសន្នថ្នាក់ជាតិ ដែលមិនឲ្យមានការប្រមូលផ្តុំគ្នានោះឡើយ ក្នុងន័យទប់ស្កាត់ការរីករាតត្បាតCOVID-19។
គួរបញ្ជាក់ផងដែរថា កន្លងមកនេះ ប៉ូលិសថៃ ក៏បានប្រកាសឃាត់ខ្លួនមនុស្សសរុប ១៥នាក់ ដែលមានជាប់ពាក់ព័ន្ធ ទៅនឹងបាតុកម្មដ៏ធំកាលពីថ្ងៃទី១៨ខែកក្កដា ដោយសំអាងថា ខ្លួនមានដីកាត្រឹមត្រូវនៅក្នុងការ ចុះចាប់ខ្លួនជនសង្ស័យកន្លងមកនេះ៕
ដោយ៖ស តារា