ព័ត៌មានទាន់ហេតុការណ៍៖

លោក ជិន ម៉ាលីន​ ៖ ​ក្រុម​ណាមួយ​ព្យាយាម​ស្នើ​ឲ្យ​ជប៉ុន​ដាក់​សម្ពាធ​ និង​ជ្រៀតជ្រែក​ចូល​កិច្ច​ការ​ផ្ទៃក្នុង​កម្ពុជា​ពី​បញ្ហា​សិទ្ធិ​មនុស្ស ​នឹង​ទទួល​បរាជ័យ

ចែករំលែក៖

ភ្នំពេញ៖​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ​លោក​ ជិន ​ម៉ា​លីន អះអាងថា ​ក្រុម​ណាមួយ​ដែល​ព្យា​យាម​ស្នើ​ឲ្យ​ជប៉ុន​ដាក់​សម្ពាធ ​និង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ នឹង​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​មុខជា​មិន​ខាន​ឡើយ​។ ការ​លើក​ឡើ​ងបែបនេះរបស់​លោក ជិន ម៉ាលីន បានធ្វើឡើង​ខណៈដែល​មានដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក រដ្ឋមន្ត្រីការបរទេស​ថ្មី​ជប៉ុន តូ​សឺ​មី​តស៊ូ ម៉ូ​តេ​ហ្គិ​(Toshimitsu Motegi) មកកាន់​កម្ពុជា​។

អ្នកនាំពាក្យរូបនេះ ក៏បានលើក​ឡើង​ឆ្លើយ​តប​ទៅ​នឹង​ក្រុម​ណាមួយ​ដែល​មាន​បំណង​ចង់​ស្នើ​ឲ្យ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លើកឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​ និង​ដាក់​គំនាប​មក​លើ​កម្ពុជា​។ បន្ទាប់ពីថ្មីៗ​នេះ​ ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ បាន​ជំរុញ​ទៅ​ប្រមុខ​ការទូត​ជប៉ុន​ឲ្យ​លើក​យក​បញ្ហា​សិទ្ធិមនុស្ស​មក​ជជែក​ជាមួយ​សម​ភាគី​កម្ពុជា​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​កម្ពុជា។

ជាក់ស្តែង​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​លោក ជិន ម៉ា​លីន បាន​សរសេរ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា៖ ឆ្លងតាម​បទ​ពិសោធន៍​ នៃ​ការសិក្សា និង​រស់នៅ​ប្រទេស​ជប៉ុន​ជាច្រើន​ឆ្នាំកន្លងមក លោក​ថា រដ្ឋាភិបាល​ជប៉ុន​មាន​គោលនយោបាយ​ការបរទេស​ជួយ​ដល់​ប្រទេស​ដទៃ ​ដោយ​ផ្តោត​លើ​ការ​អភិវឌ្ឍ​ជាធំ គោរព​នូវ​អធិបតេយ្យភាព និង​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​ឡើយ​។

លោក​​បន្តថា «​ការដែល​ក្រុម​ណាមួយ​ព្យាយាម​ស្នើសុំ​ឲ្យ​ជប៉ុន​ដាក់​សម្ពាធនិង​ជ្រៀតជ្រែក​ចូល​កិច្ច​ការ​ផ្ទៃក្នុង​របស់​កម្ពុជា​ដែល​ជា​រដ្ឋ​អធិបតេយ្យ នឹង​ច្បាស់​ជា​ទទួលរង​នូវ​ភាព​បរាជ័យ​យ៉ាង​អាម៉ាស់​ជាក់​ជាមិនខាន​»​។​

​ដោយឡែកបើ​តាម​ក្រសួងការបរទេស​កម្ពុជា ប្រកាស​ថា រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក តូ​សឺ​មី​តស៊ូ ម៉ូ​តេ​ហ្គិ (Toshimitsu Motegi) នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែ​សីហា​នេះ​។

គួរបញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក តូ​សឺ​មី​តស៊ូ ម៉ូ​តេ​ហ្គិ មាន​គម្រោង​ជួប​ជាមួយ​ សម្ដេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​៕ដោយ៖ស តារា


ចែករំលែក៖