ខេត្តកំពង់ធំ ៖ជារឿងមូយគួរឲ្យហួសចិត្តដែលយុវជនម្នាក់ចិត្តខ្លាំងអស់ទាស់គ្រាន់តែខឹងដើររកជីដូនដើម្បីសុំលុយយកទៅសងគេមិនឃើញចិត្តខ្លាំងបាន អូសយកម៉ូតូនៅក្រោមផ្ទះយកទៅដុតចោលឆេះម៉ត់តែសកម្មភាពនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅព្រមានភ្លាមៗដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែសីហាឆ្នាំ២០២០ នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថាជនសង្ស័យឈ្មោះ កាក់ ដាវីត ភេទ ប្រុសអាយុ១៩ឆ្នាំនៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវជាចៅបង្កើត របស់យាយចំណាស់ម្នាក់ជាដើមបណ្ដឹង។ មុនពេលកើតហេតុជនសង្ស័យរូបនេះបានមកពីដើរលេងចូលផ្ទះបានដើររកយាយដើម្បីសុំលុយយកទៅសងគេដែលខ្លួនជំពាក់គេតែរកមិនឃើញ។ពេលនោះជនសង្ស័យខឹងនឹងយាយក៏បានធ្វើសកម្មភាពទាញម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី ឆ្នាំ2016 ពណ៌ ខ្មៅចេញពីក្រោមផ្ទះយកទៅដុតចោលនៅខាងក្រោយផ្ទះឆេះយ៉ាងសន្ធោសន្ធៅតែម្តង។
សកម្មភាពបែបនេះត្រូវបានសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកកាន់អធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ចំណែកម៉ូតូឆេះម៉ត់នៅសល់តែឆ្អឹងដែក ៕ដោយ៖សហការី