ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញកសិកម្មខេត្តត្បូងឃ្មុំ ជំរុញពលរដ្ឋឲ្យបង្កើនការដាំបន្លែបន្ថែមលើការធ្វើស្រែចម្ការ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ អាជ្ញាធររួមទាំងមន្រ្តីពាក់ព័ន្ធ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានជំរុញប្រជាពលរដ្ឋឲ្យបង្កើនការដាំដំណាំបន្លែបន្ថែមពីលើការធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងលើកកម្ពស់ជីវភាពរបស់គ្រួសារ។

ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ លោក ហេង ពិសិដ្ឋ មានប្រសាសន៍ថាអាជ្ញាធររួមទាំងមន្រ្តីពាក់ព័ន្ធបានចុះអប់រំផ្សព្វផ្សាយពីបច្ចេកទេសពីការដាំដុះដំណាំបន្លែ ដល់ប្រជាកសិករ ដើម្បីឲ្យឆាប់ទទួលបានផល។ ដោយលោកបានសង្កត់ធ្ងន់ថា៖ «យើងបានផ្ដល់ការបណ្ដុះបណ្ដាលផ្សព្វផ្សាយហើយយើងតាមដានគាត់ជាប្រចាំដើម្បីឲ្យគាត់ធ្វើយ៉ាងណាព្យាយាមប្រើប្រាស់រូបភាពជាបណ្ដុំ ឬសហគមន៍នេះ ដើម្បីផលិតបន្លែរបស់គាត់។ អញ្ចឹងយើងបានរៀបចំអាហ្នឹង ហើយរៀបចំឲ្យគាត់មានស្លាកសញ្ញាត្រឹមត្រូវ វាគឺជារឿងរបស់យើងកែប្រែទម្លាប់របស់គាត់ព្រោះពីមុនមកទម្លាប់របស់គាត់មិនសូវយកទៅលក់ទេ អញ្ចឹងយើងបង្រៀនគាត់ឲ្យចេះលក់ខ្លួនឯងទៀត តាមរយៈការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនទិញបន្លែធំៗ»

លោកបន្តថា ខាងមន្ទីរ ព្រមទាំងមន្ត្រីពាក់ព័ន្ធបានណែនាំដល់ប្រជាកសិករឲ្យចងក្រងជាបណ្តុំ ងាយស្រួល​​ ក្នុងការបង្កើនការដាំដំណាំបន្លែដើម្បីបំពេញតម្រូវការសម្រាប់គ្រូសារផង និងក្នុងស្រុកផង ដោយក្នុងនោះបានចងក្រងជាបណ្តុំចំនួន១០ បណ្តុំ និង៥សហគមន៍ហើយ

លោកបានអំពាវនាវដល់ប្រជាកសិករទាំងអស់ ឲ្យប្រឹងប្រែងអនុវត្តបច្ចេកទេសការដាំដុះ តាមការណែនាំរបស់មន្ត្រីជំនាញ និងមានផែនការច្បាស់លាស់ ដើម្បីទទួលបានទិន្នផលខ្ពស់និងធានាសុវត្ថិភាពដល់អ្នកបរិភោគ លោកបានបន្ថែមថា រហូតមកដល់ពេលនេះ ប្រជាកសិករនៅក្នុងខេត្ត បានបង្កើនការដាំដំណាំបន្លែគ្រប់មុខមានដូចជា ស្ពៃ ត្រសក់ ននោងត្រឡាច និង ត្រកួន នៅលើផ្ទៃដីសរុបប្រមាណជា៦០០ហិកតា ដោយ៖សហការី


ចែករំលែក៖