ព័ត៌មានទាន់ហេតុការណ៍៖

អរគុណសន្តិភាព..! ​ខេត្តរតនគិរី មានភ្ញៀវទេសចរចំនួន​ជាង ៥០.០០០នាក់​ ក្នុងរយៈពេល៥ថ្ងៃមកកម្សាន្ត

ចែករំលែក៖

ភ្នំពេញ៖ រយៈពេល៥ថ្ងៃ ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស មកលេង​កម្សាន្តនៅ​តំបន់​រមណីយដ្ឋាននានាក្នុង​ខេត្តរតនគិរី មាន​ចំនួន​ជាង ៥០.០០០នាក់​។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីក្រសួងទេសចរណ៍នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។ 

​សូមបញ្ជាក់ថា៖ នៅក្នុងរយៈពេល៥ថ្ងៃនៃ​ការឈប់​សម្រាកសងថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរ(១៧-២១ ខែសីហា ឆ្នាំ២០២០) មានភ្ញៀវទេសចរ ចំនួន៥០.៦២៨នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន១៧៩

នាក់ បាននាំគ្នាមកលេងកម្សាន្តនៅ​តំបន់​រមណីយដ្ឋាន​នានាក្នុងខេត្តរតនគិរី ហើយផ្ទះសំណាក់ និង​សណ្ឋាគារជាច្រើន មានភ្ញៀវស្នាក់នៅពេញ​ទាំងអស់។​  នេះបើតាមតួលេខរបស់មន្ទីរទេសចរណ៍បានបង្ហាញអោយដឹងនៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ​២០២០ នេះ​។

​លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តបាន​ឲ្យ​ដឹង​ផងដែរថា ៖ គិត​ត្រឹម​ល្ងាចថ្ងៃទី​២១ ភ្ញៀវទេសចរបានមក​ទស្សនា​កម្សាន្តតាម​រមណីយដ្ឋាននៅក្នុង​ខេត្តរតនគិរីមាន​ចំនួន ១៤កន្លែង សុទ្ធសឹងជារមណីយដ្ឋានធម្មជាតិ ហើយ​រមណីយដ្ឋានដែល​កំពុង​ពេញនិយម និង​មាន​ភ្ញៀវទេសចរ ទៅលេង​កម្សាន្តយ៉ាងច្រើន​នោះ គឺ​បឹងយក្ខឡោម ក្នុងក្រុងបានលុង រមណីយដ្ឋានទឹកធ្លាក់អូរសៀងលែ, រមណីយដ្ឋានបឹងលំកុដ ក្នុងស្រុកលំផាត់ ក្រៅពីរមណីយដ្ឋានធម្មជាតិទាំងបីកន្លែងនេះ ក៏មានរមណីយដ្ឋានដទៃទៀតដែរ ដែលមានភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ទៅលេងកម្សាន្តយ៉ាងច្រើនកុះករ ។

លោកបន្តថា ៖ រយៈពេល៥ថ្ងៃនេះ គ្រប់រមណីយដ្ឋានដែលភ្ញៀវបានទៅលេងកម្សាន្ត លោកសង្កេតឃើញ ថាភ្ញៀវទេសចរទាំងអស់បានចូលរួមថែរក្សាអនាម័យ បរិស្ថានបានល្អ ពោលគឺ ក្រោយហូបចុករួច ពួកគាត់បានវេចខ្ចប់សំរាមទុកដាក់បានត្រឹមត្រូវ។ ជាពិសេសនោះ គឺពួកគាត់មានស្មារតីម្ចាស់ការ ចូលរួមការពារទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈការចូលខ្លួនអោយបាញ់កំដៅ ការលាងសម្អាតដៃនៅតាមឡាបូសាធារណៈដែលបានរៀបចំជូននៅតាមរមណីយដ្ឋាននានា ការពាក់ម៉ាស និងការរក្សាគម្លាតសង្គមជាដើម។

លោក ង៉ែត ពិទូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានមកលេងកម្សាន្តក្នុងទឹកដីខេត្តរតនគិរី ជាពិសេសម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និង

ម្ចាស់សេវាកម្មម្ហូបអាហារទាំងអស់ដែលបានចូលរួមជាមួយអាជ្ញាធរខេត្តក្នុងការរឹតបន្តឹងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការកុំឲ្យមានរលកទី២នៃការរាតត្បាតជំងឺកូវីដ-១៩។ ជាមួយគ្នានេះ លោកក៏សូមថ្លែងអំណរគុណផងដែរចំពោះសមត្ថកិច្ចពាក់ព័ន្ធដែលបានបំពេញតួនាទីភារកិច្ចចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទាំងយប់ទាំងថ្ងៃជូនភ្ញៀវទេសចរជាតិ-អន្តរជាតិបានយ៉ាងល្អប្រសើរ៕ដោយ៖ សិលា


ចែករំលែក៖