ខេត្តពោធិ៍សាត់ ៖ កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងខ្នា និងកំលាំងអន្ដរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកបាកាន សហការបង្ក្រាបមុខសញ្ញាក្មេងទំនើង២ក្រុម មានគ្នាប្រមាណ២០នាក់ ក្នុងនោះក៏មានអ្នករងរបួសខ្លះៗផងដែរ រួមទាំងមធ្យោបាយម៉ូតូចំនួន៩គ្រឿងផងដែរ នៅគ្រាដែលពួកគេធ្វើសកម្មភាពដេញវាយគ្នាទាំងថ្ងៃ នៅទីសាធារណៈដោយគ្មានញញើតសមត្ថកិច្ច ។
ករណីឃាត់ខ្លួនក្មេងទំនើងខាងលើ ធ្វើឡើងនារសៀលថ្ងៃសុក្រ ៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរទ្វាទឹក ស្ថិតនៅភូមិចម្ការលើ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីនគរបាលស្រុកបាកានបានឲ្យដឹងថា ក្មេងទំនើងក្រុមទី១ ឃាត់ខ្លួនបានចំនួន១០នាក់ក្នុងនោះរងរបួសម្នាក់ មានមធ្យោបាយម៉ូតូចំនួន៥គឿង ចំណែកក្រុមទី២ មានគ្នាចំនួន១០នាក់ដែរ មធ្យោបាយម៉ូតូចំនួន៤គឿងផងដែរ ។
ប្រភពព័ត៌មានដដែលបន្តទៀតថា ការឃាត់ខ្លួនក្មេងទំនើងទាំងនេះ អនុវត្តឡើងបន្ទាប់ពីពួកគេបង្កអសន្តិសុខដេញកាប់ចាក់គ្នាក្នុងមូលដ្ឋាន មធ្យោបាយម៉ូតូទាំងចំនួន៩គឿងរក្សាទុកជាបណ្ដោះអាសន្ន ចំណែកក្មេងទំនើងទាំងចំនួន២០នាក់ នាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកបាកាន ៕
ដោយ៖បុឹម ពិន