ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់ឲ្យដឹងថា កម្លាំងនគរបាលរបស់លោកបានបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(ប្រើកាំបិតភ្ជង់ប្លន់និងចាប់ជំរិតរវាងជនជាតិចិននឹងជនជាតិចិន ។
តាមរបាយការណ៍បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចធនាគារ ABA ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិចិន៣នាក់កំពុងធ្វើសកម្មភាពយកកាំបិតភ្ជង់ប្លន់បុរសជនជាតិចិនម្នាក់ ។ ពេលនោះកម្លាំងជំនាញដែលកំពុងល្បាតនៅចំណុចនោះស្រាប់ ក៏បានធ្វើប្រតិបត្តិការរំដោះបានជនរងគ្រោះ រីឯជនសង្ស័យពេលឃើញកម្លាំងសមត្ថកិច្ច បាននាំគ្នារត់គេចខ្លួនបាត់អស់ ។ បន្ទាប់មកកម្លាំងជំនាញបាននាំជនរងគ្រោះមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដើម្បីឱ្យដាក់ពាក្យបណ្តឹង និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីតាមចាប់ខ្លួនជនសង្ស័យ ។ រហូតមកដល់វេលាម៉ោង១៩ ថ្ងៃដដែល ទើបកម្លាំងជំនាញស្រាវជ្រាវដឹងថា ជនសង្ស័យកំពុងលាក់ខ្លួននៅចំណុចកាស៊ីណូ ប៉ាវជីន ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៏បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអន្តរាគមន៍ពិសេស ចុះប្រតិបត្តិការចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់នៅមុខកាស៊ីណូប៉ាវជីន និងបន្តចាប់ខ្លួនបានជនសង្ស័យ២នាក់បន្ថែមទៀតដែលកំពុងលាក់ខ្លួននៅក្នុងកាស៊ីណូប៉ាវជីន ។
ជនរងគ្រោះឈ្មោះ HE JIN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរម៉ៅការសំណង់ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ចំណែកជនសង្ស័យទាំង៣នាក់៖
១-ឈ្មោះ NANG LIFU ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋាគារ ផ្នែកគិតលុយ ស្នាក់នៅ រាជធានីភ្នំពេញ ។
២-ឈ្មោះ CHENG LIANG PING ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកហាងបាយ ស្នាក់នៅ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ZHENG XIAN JIN ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកផ្សារទំនើប ស្នាក់នៅកោះពេជ្រ រាជធានីភ្នំពេញ ។
រីឯវត្ថុតាងចាប់យកបាន៖
-កូនកាំបិតស្នៀត២ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស) និងទូរស័ព្ទដៃ៤គ្រឿង។
ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តដើម្បីកាត់ទោសតាមច្បាប់ ៕ ឆ្លាម សមុទ្រ