ព័ត៌មានទាន់ហេតុការណ៍៖

រឿងនិទានខ្មែរ÷រឿង ឆ្កែមើលឃើញខ្មោច

ចែករំលែក៖

 គេធ្លាប់បានឮចាស់ៗនិទានប្រាប់ថា  បើឮឆ្កែលូ ឬ ព្រុសនៅពេលកណ្ដាលអធ្រាត្រស្ងាត់ នៅភូមិណា ស្រុកណា ដែលក្រៅអំពីក្រុង ព្រោះ​ពុំ​សូវ​មាន​មនុស្ស​កុះករ​ក្នុង​ពេល​យប់ ស្រុកភូមិនោះ ៗ ច្រើនកើតជំងឺ ពុំសូវបានសេចក្ដីសុខទេ ត្បិតខ្មោចបិសាច វាដើររាតត្បាតធ្វើឲ្យមនុស្សឈឺចាប់សឹងតែគ្រប់ៗ គ្នា ព្រោះឆ្កែមើលឃើញខ្មោច ។ ហេតុភេទនេះមានដំណើរចាស់ៗ

ថា ឆ្កែមើលឃើញខ្មោចនោះ អាស្រ័យដោយរឿងដើមថា ៖

យូរយារណាស់មកហើយ មានបុរសម្នាក់ ដើរទៅមើលគេលៀងមេមត់ ប៉ុន្តែមិនបានប្រាកដឈ្មោះ បុរសនោះដើរក្បែរដីទួលមួយដែលមានព្រៃស៊ុមទ្រុម គេកប់ខ្មោចក្នុងព្រៃនោះជាច្រើន ។ លុះ​ដល់​ទន្ទឹម​ព្រៃ​នោះ មានខ្មោចស្រែកហៅគាត់ថា ៖ ពូ ៗ ផ្ដាំទៅប្រាប់ប្រពន្ធឲ្យមកផង ។

បុរសនោះមិនចេះខ្លាចខ្មោចទេ គាត់ដឹងថាខ្មោចហៅពិតណាស់ ប៉ុន្តែគាត់ធ្វើព្រងើយ ហើយឆ្លើយទៅវិញថា ៖

– ប្រពន្ធឯងនៅឯណា ?

ខ្មោចឆ្លើយមកវិញថា ៖

– ប្រពន្ធខ្ញុំ នៅឯផ្ទះគេលៀងអារក្សឯនោះ !

បុរសឮហើយ សួរទៅវិញថា ៖

– ចុះឯង ឲ្យអញប្រាប់ម៉េចបាន ? បើអញមើលប្រពន្ធឯងមិនឃើញនោះ !

ក្នុងពេលនោះខ្មោចក៏ឲ្យប្រទាលប្រហោង គឺថ្នាំសម្រាប់មើលខ្មោចឃើញទាំងអស់ ។ ខ្មោចឲ្យប្រទាលនោះទៅហើយ ប្រាប់ទាំងឈ្មោះប្រពន្ធវាផង ។ បុរសនោះ កាល​បើ​បាន​ប្រទាល​ប្រហោង​នោះ​ហើយ មើលឃើញខ្មោចនៅពេញតែព្រៃ, គាត់ចេះតែដើរទៅ ៗ គ្មានភិតភ័យខ្លាចអ្វីឡើយ ។ គាត់ដើរតម្រង់ទៅផ្ទះណាគេលៀងអារក្ស លុះដល់ផ្ទះនោះហើយ គាត់ឃើញខ្មោចស្រី ៗ កំពុង​ស៊ី​ពែ​សំណែន ដែលសែននៅពោរពេញ ជាច្រើនគ្នាណាស់ ។ បុរសនោះស្រែកហៅទៅតាមឈ្មោះដែលប្ដីវាផ្ដាំមក ហើយបោយដៃហៅចំពីមុខ និយាយថា ៖ ប្ដីហងឲ្យទៅឲ្យឆាប់ ព្រោះកូនយំខ្លាំងណាស់ !

ខ្មោចនឹកឆ្ងល់ថា ម៉េចក៏បុរសនោះមើលឃើញអញ ទើបដើរសំដៅទៅ ហើយសួរថា ៖

– ចុះអ្នកឯង ម៉េចក៏មើលយើងឃើញ ?

បុរសនោះក៏បង្ហាញប្រទាលប្រហោងហើយឆ្លើយថា ៖

– នេះជាប្រទាលដែលប្ដីហងឲ្យអញ បានជាអញឃើញ ។

ខ្មោចនោះ គ្រាន់តែឃើញប្រទាលនោះភ្លាម ស្ទុះទៅដណ្ដើមយក ប៉ុន្តែបុរសនោះពុំព្រមឲ្យ ក៏មានការប្រវាយប្រតប់គ្នា ដណ្ដើមប្រទាលប្រហោងនោះ ។ បុរសចេះតែស្រែកហៅឲ្យគេឯងជួយ ប៉ុន្តែ​អ្នក​ទាំង​អស់​មើល​ទៅពុំឃើញប្រយុទ្ធជាមួយនរណាសោះ ឃើញតែស្ទុះស្ទាតែម្នាក់ឯង ម្ល៉ោះហើយគេនាំគ្នាទៅជាស្រឡាំងកាំងរកជួយមិនកើត ។ លុះប្រវាយប្រតប់គ្នាអស់មួយសន្ទុះធំ បុរស​ក៏​ចង់​

រសាយ​ដៃ ក៏របូតប្រទាលនោះពីដៃទៅ ។ ខ្មោចស្ទុះប្រុងរើសយក តែពេលនោះ ឆ្កែឃើញភ្លាម ស្ទុះភ្លែតមកត្របាក់លេបចូលទៅក្នុងពោះបាត់ទៅ ។ ហេតុនេះហើយបានជាឆ្កែមើលខ្មោចឃើញ ។

ដោយសារមានរឿងនិទានយ៉ាងនេះ បានជាមានជំនឿថា ឆ្កែវាមើលខ្មោចឃើញ បើឆ្កែព្រុសលូក្នុងពេលយប់ ព្រោះវាឃើញខ្មោចដើរ ។ មួយវិញទៀត មានមនុស្សច្រើនណាស់ ដែល​នៅ​ជឿ​ជាក់​

ខំស្វែងរកប្រទាលប្រហោង ដើម្បីយកមកប្រើការសក្ដិសិទ្ធិផ្សេង ៗ ៕ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត

(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖