ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ម៉ូតេហ្គី តូស៊ីមីសឺរដ្ឋមន្រ្តីការបរទេសជប៉ុន នៅព្រះរាជាណាចក្រកម្ពុជាថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២០។ លោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្រ្តីការបរទេសជប៉ុន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២១ ដល់២២ ខែសីហា ឆ្នាំ២០២០ ដើម្បីពង្រឹងពង្រីកទំនាក់ និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបានចូលជួបសម្តែងការគួរសម សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមពិសាអាហារថ្ងៃត្រង់រៀបចំដោយសម្តេចតេជោ ហ៊ុន សែន ព្រមទាំងជួបពិភាក្សាទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សខុន រដ្ឋមន្រី្តការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ។
លោក ម៉ូតេហ្គី តូស៊ីមីសឺ បានសម្តែងការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលសម្រេចបានវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមយ៉ាងខ្លាំងក្លា និងទប់ស្កាត់បានដោយជោគជ័យនូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ ភាគីកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុនដែលបានចូលរួមចំណែកធំធេងដល់សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ហើយថ្មីៗ បានផ្តល់ជំនួយដល់កម្ពុជាដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងបានជួយឧបត្ថម្ភដល់ពលរដ្ឋ និងកម្មសិក្សាការីខ្មែរស្នាក់នៅជប៉ុន ដែលជួបការលំបាកដោយសារជំងឺរាលដាលនេះ។ ភាគីកម្ពុជា កោតសរសើរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជន
ជប៉ុនដែលបានចាត់វិធានការម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងការរាលដាលជំងឺកូវីដ១៩។ ភាគីទាំងពីរបាន ប្តេជ្ញាចិត្តជាមួយគ្នាថា នឹងបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធនឹងជំងឺនេះ ទន្ទឹមគ្នានឹងការស្តារ សេដ្ឋកិច្ចសង្គមឡើងវិញ។
ភាគីទាំងពីរ បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងនាមជាដៃគូយុទ្ធសាស្ត្រ ព្រមទាំងបានឯកភាពគ្នាបន្តពូនជ្រុំឱ្យកាន់តែល្អប្រសើរថែមទៀត។ ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ និងសកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំង២ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ភាគីទាំងពីរបានឯកភាពឲ្យបើកឡើងវិញតាមដំណាក់កាល និងជា បណ្តើរៗនូវការធ្វើដំណើរឆ្លងដែនរវាងកម្ពុជា និងជប៉ុន សម្រាប់អ្នកដំណើរក្នុងគោលដៅបំពេញការងារ និងធុរកិច្ច ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវវិធានការទប់ស្កាត់ជំងឺរាតត្បាត។ ភាគីទាំងពីរនឹងធ្វើការជាមួយអាជ្ញាធរមានសមត្ថកិច្ចរៀងខ្លួនដើម្បីចាប់ផ្តើមការធ្វើដំណើរឆ្លងដែនសម្រាប់ការស្នាក់នៅរយៈយូរលើស១៤ថ្ងៃ «ច្រកចូលសម្រាប់ការស្នាក់នៅ» នៅដើមខែកញ្ញា ឆ្នាំ ២០២០ និងពន្លឿនកិច្ចពិភាក្សាស្តីពីការអនុវត្តការធ្វើដំណើរឆ្លងដែនសម្រាប់ការស្នាក់នៅរយៈខ្លីជាង១៤ថ្ងៃ «ច្រកសម្រាប់ធុរកិច្ច» ។
ភាគីកម្ពុជាបានអរគុណរដ្ឋាភិបាលជប៉ុនដែលបន្តផ្តល់ជំនួយដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមកិច្ចរបស់កម្ពុជា។ ឯកឧត្តម ម៉ូតេហ្គី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ជប៉ុនក្នុងការបន្តគាំទ្រកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញដំណើរការលទ្ធិប្រជាធិបតេយ្យ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីដំណើរការអនុវត្តគម្រោងសំខាន់ៗនៅកម្ពុជា រួមទាំងគម្រោងអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ ផែកុងតឺន័រថ្មីនៅក្រុងព្រះសីហនុ និងផ្លូវជាតិលេខ៥ ដែលនឹងរួមចំណែកដល់ការពង្រីកសកម្មភាពវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈ ដែលកម្ពុជាបានប្តេជ្ញាបន្តខិតខំកែលំអបរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់តែប្រសើរឡើងថែមទៀត។
ភាគីទាំងពីរ ក៏បានសម្តែងសេចក្តីប្រាថ្នារួមក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល អប់រំ និងវប្បធម៌។ ភាគីជប៉ុន បានសម្តែងនូវឆន្ទៈគាំទ្រកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការកសាងសមត្ថភាពឧស្សាហកម្មកែឆ្នៃកសិផល និងឧស្សាហកម្មប្រើបច្ចេកវិទ្យាទំនើប និងពង្រីកកិច្ចសហប្រតិបតិ្តការអភិរក្ស ប្រាសាទបុរាណនៅកម្ពុជា។ ភាគីកម្ពុជា បានសម្តែងការពេញចិត្តចំពោះសកម្មភាពជំរុញការប្រាស្រ័យទាក់ទងផ្នែកវប្បធម៌ និងអប់រំ របស់ការិយាល័យទំនាក់ទំនងមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន នៅភ្នំពេញ ហើយស្វាគមន៍ឱ្យការិយាល័យនេះបន្តតាំងនៅជាអចិន្រ្តៃយ៍ក្នុងប្រទេសកម្ពុជា។
ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនលើបញ្ហាក្នុងតំបន់និងអន្តរជាតិមួយចំនួន ដែលជាប្រយោជន៍រួម ដូចជា បញ្ហាសមុទ្រចិនខាងត្បូង កិច្ចខិតខំដើម្បីសម្រេចឱ្យបានឆាប់នូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងការលុបបំបាត់អាវុធនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ គំនិតនៃទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងចក្ខុវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរ ដែល
ផ្តួចផ្តើមដោយជប៉ុន។ ភាគីទាំងពីរ បានឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ និងធ្វើការជិតស្និទ្ធ ដើម្បីធ្វើការបន្ស៊ីគ្នានូវរាល់គំនិតផ្តួចផ្តើមទាំងអស់ ដែលមានគោលដៅក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។ ភាគីកម្ពុជាអរគុណជប៉ុនចំពោះការគាំទ្រគម្រោងអភិវឌ្ឍន៍ក្រោមក្របខណ្ឌតំបន់ ជាពិសេស កិច្ចសហប្រតិបតិ្តការមេគង្គ-ជប៉ុន និងការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រប់គ្រងភាពអាសន្នសុខភាពសាធារណៈ និងជំងឺឆ្លង។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការរីករាយក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន ដែលនឹងរៀបចំឡើងនៅដើមឆ្នាំ ២០២១ នៅប្រទេសជប៉ុន។ ឯកឧត្តម ម៉ូតេហ្គី បានបញ្ជាក់សាជាថ្មីនូវការគាំទ្ររបស់ជប៉ុន សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ ដែលនឹងរៀបចំដោយកម្ពុជា នៅពាក់កណ្តាលឆ្នាំ ២០២១ ឱ្យទទួលបានជោគជ័យ៕ដោយ៖ សិលា