ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​ឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ

ចែករំលែក៖

ខេត្ត​តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើក​ទី៩ នៅក្នុងខេត្តតាកែវ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្តេចធិបតី ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍, គណៈកម្មការអន្តរក្រសួង, ក្រសួង-ស្ថាប័ន​ពាក់​ព័ន្ធ, រដ្ឋបាលខេត្តតាកែវ, សហភាពសហព័ន្ធយុវជនកម្ពុជា និងវិស័យ​ឯកជន ដែលបានរួមសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ក្រោម​ប្រធានបទដ៏មានសារៈសំខាន់ គឺ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ប្រកបដោយភាពអធិកអធម។

-សម្តេចធិបតី ថ្លែងថា ប្រធានបទនៃពិធីបុណ្យទន្លេ​លើកទី៩ នៅឆ្នាំនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំងអំពី​អត្ថប្រយោជន៍ និងសក្តានុពលរបស់ទន្លេ ដោយផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ ជាមួយនឹងការអបអរសាទរចំពោះចំណងដ៏ជ្រាលជ្រៅ​រវាងទន្លេ និងប្រជាជន ដែលអាស្រ័យផលនឹងទន្លេ។

-សម្តេចធិបតី ថ្លែងថា ពីបរមបុរាណ រហូតមកដល់បច្ចុប្បន្ន, ទន្លេ គឺជាចំណុចកណ្តាលនៃទំនៀមទម្លាប់, ជីវភាព និងជា​របៀង​វប្បធម៌ ដែលបង្រួបបង្រួមសហគមន៍ចម្រុះ។

-សម្តេចធិបតី ថ្លែងថា កត្តាសុខសន្តិភាព​កម្ពុជា​បានក្លាយជាគោលដៅទេសចរណ៍, វិនិយោគ និងពាណិជ្ជកម្ម ដ៏គួរឱ្យទាក់​ទាញមួយក្នុងតំបន់អាស៊ី ជាពិសេសបានធ្វើឱ្យវិស័យទេសចរណ៍ក្លាយ​ជា​កម្លាំងចលករដ៏សំខាន់ ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ក្នុងការចូល​រួមជំរុញវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជាឱ្យកើនឡើងប្រមាណ១៣ដង ធៀបនឹងឆ្នាំ១៩៩៣។

-សម្តេចធិបតី ថ្លែងថា សន្តិភាពបានជំរុញការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ដោយសម្រេចបាន សមិទ្ធផលយ៉ាងធំធេង សម្រាប់ប្រជាជន និងប្រទេសជាតិយើង ដែលធ្លាប់បានឆ្លងកាត់ សង្គ្រាមរ៉ាំរ៉ៃ, ការបង្ហូរឈាមអស់រយៈពេលរាប់ទសវត្សរ៍ និងរបបប្រល័យពូជសាសន៍។

-សម្តេចធិបតី ថ្លែងថា ទោះបីជាមាននិន្នាការ​កំណើនភ្ញៀវទេសចរក៏ដោយ, ក៏រាជរដ្ឋាភិបាលមិននៅស្ងៀម

នោះដែរ។ រាជរដ្ឋាភិបាល នៅតែខិតខំរិះរកមធ្យោបាយ ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា, ជាពិសេស នៅពេលដែលរដូវកាលបៃតង នឹងខិតចូលមកដល់ នាពេលដ៏ឆាប់ខាងមុខនេះ។

-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាល ខិតខំបង្កើតព្រឹត្តិការណ៍ និងផលិតផលទេសចរណ៍ជាច្រើនថ្មីៗ ដែលមាន​ភាពទាក់ទាញ ព្រមទាំងជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្ត​សញ្ញាណ​ជាតិខ្មែរថែមទៀត។

-សម្តេចធិបតី ថ្លែងថា ព្រឹត្តិការណ៍បុណ្យទន្លេ, អង្គរសង្ក្រាន្ត និងផ្លូវថ្មើរជើងជាដើម គឺសុទ្ធសឹងតែជាកិច្ចខិតខំ ប្រឹងប្រែង​ជា​ប្រចាំពីសំណាក់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការប្រឡងប្រជែង ទាក់ទាញភ្ញៀវទេសចរ ដើម្បីបង្កើនចំណូលដល់ប្រជាជន និងអាជីវករ នៅមូលដ្ឋានផ្ទាល់។

-សម្តេចធិបតី ថ្លែង​ណែនាំឱ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធ រួមគ្នាអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ជាមួយប្រជាសហគមន៍។ ពោលការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិ ត្រូវគិតពីការផ្តល់ផលជូនប្រជាសហគមន៍ជាអាទិភាព មុនហៅអ្នកពីខាងក្រៅមកវិនិយោគ។

-សម្តេចធិបតី ថ្លែងថា ជម្រើសនៃការអភិវឌ្ឍបែបនេះ គឺធានាបានការផ្តល់ប្រយោជន៍ដល់ប្រជាសហគមន៍។

-សម្ដេចធិបតី ថ្លែងថា បណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះករុណា ព្រះមហាក្សត្រ តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដើម្បីបានយកចំណេះដឹងមកជួយសង្គមជាតិបន្ត។

-សម្តេចធិបតី ថ្លែងថា ពាក្យថា «បរិយាប័ន្ន» មិនអាចមើលតែ GDP នោះទេ គឺត្រូវមើលគ្រប់វិស័យ និងគ្រប់កន្លែង ដើម្បីធានាថា ពលរដ្ឋទទួលបានផលគ្រប់គ្នា។

-សម្តេចធិបតី ថ្លែង​ណែនាំឱ្យក្រសួងពាក់ព័ន្ធរួមគ្នាបង្រៀនប្រជាសហគមន៍ឱ្យយល់ពីបដិសណ្ឋារកិច្ច និងផ្តល់សេវាគាំទ្រនានា។

-សម្តេចធិបតី ថ្លែងថា ទោះបីផ្តល់អាទិភាពជូនប្រជាសហគមន៍ តែមិនបិទការវិនិយោគនោះទេ។ ប៉ុន្តែត្រូវពិនិត្យការវិនិយោគ ដែលជួយបំពេញបន្ថែមដល់សហគមន៍។

-សម្តេចធិបតី ថ្លែងថា ខេត្តតាកែវ ជាអតីតរាជធានី មានសក្តានុពលធម្មជាតិ និងទីតាំងភូមិសាស្ត្រជិតរាជធានី មានតម្បាញ មានបង្កង មានពងទា ដែលជាសក្តានុពលសម្រាប់វិស័យទេសចរណ៍។

-សម្តេចធិបតី ថ្លែង​ណែនាំឱ្យក្រសួងទេសចរណ៍ និងខេត្តនីមួយៗ រួមគ្នារៀបចំតម្រាយទេសចរណ៍ដោយផ្សារភ្ជាប់ជាមួយសហគមន៍។

-សម្តេចធិបតី ថ្លែងថា អ្នកទេសចរក្នុងស្រុក ជាអ្នកនាំមុខទេសចរបរទេស។

-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលមិនបានបង្ខំឱ្យព្រះសង្ឃអង្គណាលាចាកសិក្ខាបទ លាចាកភេទជាសង្ឃនោះទេ ព្រះសង្ឃគ្រប់អង្គ បុគ្គលគ្រប់រូបមានសិទ្ធិ សម្រេចដោយខ្លួនឯង។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា បុគ្គលណាដែលក្រោយលាចាកភេទជាសង្ឃ ហើយមានសមត្ថភាពខ្ពស់នោះ រដ្ឋាភិបាលមិនបោះបង់ចោលនោះឡើយ គឺប្រមូលធនធានមនុស្ស ដែលពូកែៗទាំងនោះឱ្យមកជួយធ្វើការក្នុងជួររដ្ឋាភិបាល ដើម្បីបន្តជួយកសាងអភិវឌ្ឍន៍កម្ពុជា ក្នុងនោះមានដូចជាឯកឧត្ដម ឃី សុវណ្ណរតនា អតីតមន្ត្រីសង្ឃជាន់ខ្ពស់ជាដើម។

-សម្តេចធិបតី ថ្លែងថា អ្នកភ្នំពេញ គ្រាន់តែស្ទះចរាចរណ៍ក៏ស្ត្រេសដែរ។ ដូច្នេះគាត់រកតែកន្លែងកម្សាន្តចុងសប្តាហ៍។​ សម្តេចធិបតី បន្តថា សេវាគាប់ចិត្ត គឺជាកត្តាជួយទាក់ទាញអ្នកទេសចរ។

-សម្ដេចធិបតី ថ្លែងស្នើសុំទៅលោក ជួន កក្កដា អតីតព្រះសង្ឃនៅ វត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ ជួយពន្យល់ពីមូលហេតុដែលលោកសម្រេចលាចាកពីភេទជាសង្ឃ ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាបច្បាស់ និងដើម្បីបញ្ជៀសកុំឱ្យមានការចោទប្រកាន់ថា រដ្ឋាភិបាលបង្ខំឱ្យលោកសឹក។

-សម្តេចធិបតី ថ្លែង​អំពាវនាវដល់ប្រជាសហគមន៍​ជួយគ្នាការពារសេវាទេសចរណ៍ «ជួយគ្នារស់ ជួយគ្នារឹងមាំ»។សម្តេចធិបតី ថ្លែង​អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុជួយផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍។

-សម្ដេចធិបតី ថ្លែងស្នើសុំទៅលោក ជួន កក្កដា អតីតព្រះសង្ឃនៅ វត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ ជួយពន្យល់ពីមូលហេតុដែលលោកសម្រេចលាចាកពីភេទជាសង្ឃ ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាបច្បាស់ និងដើម្បីបញ្ជៀសកុំឱ្យមានការចោទប្រកាន់ថា រដ្ឋាភិបាលបង្ខំឱ្យលោកសឹក។

-សម្តេចធិបតី ថ្លែងថា ការលាចាកសិក្ខា​របស់​ព្រះតេជគុណ ជួន កក្កដា មិនមានសម្ពាធណាមួយនោះឡើយ។ សម្តេចបានទម្លាយថា ព័ត៌មានលាចាកសិក្ខានេះ ត្រូវបានព្រះអង្គបង្ហើបតាំងពីពេលលោកជំទាវបណ្ឌិត ទៅថ្វាយបង្គំព្រះអង្គម្ល៉េះ។

-សម្តេចធិបតី ថ្លែង​អំពាវនាវឱ្យលោក ជួន កក្កដា បន្តជួយដល់វិស័យព្រះពុទ្ធសាសនាជាបន្តទៀត។

-សម្តេចធិបតី ថ្លែងថា ខេត្តតាកែវ ជាខេត្តដែលសម្តេចបានជួយកសាងសមិទ្ធផលក្នុងព្រះពុទ្ធសាសនាច្រើនជាងគេ។

-សម្តេចធិបតី ថ្លែង​ណែនាំសុំកុំឱ្យមានបុរីនៅលើភ្នំបន្ថែមទៀត។​ សម្តេចធិបតី ថា ការអភិវឌ្ឍនៅតំបន់ទេសចរណ៍ មិនមែនត្រូវតែធ្វើផ្លូវបេតុងនោះទេ។

-សម្តេចធិបតី ថ្លែងថា មិនហាមលេងបាញ់ទឹកទេ តែត្រូវលេងដោយប្រយ័ត្នប្រយែងកុំឱ្យមានគ្រោះថ្នាក់ តែត្រូវបំផុសការលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើន។ 

-សម្ដេចធិបតី ថ្លែងថា ដើម្បីជួយសហគមន៍ឱ្យជោគជ័យ ទាល់តែពលរដ្ឋនៅសហគមន៍នោះមានឆន្ទៈចង់ធ្វើ។ សម្ដេចបញ្ជាក់បន្ថែមថា បើពលរដ្ឋនៅសហគមន៍មិន មានទឹកចិត្ត មិនមានឆន្ទៈចង់ធ្វើ គឺគម្រោងដែលចង់ជួយសហគមន៍បរាជ័យហើយ។

-សម្ដេចធិបតី ថ្លែងថា ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណា មួយ ត្រូវជួយឱ្យបង្កើនសក្ដានុពលដល់សហគមន៍ បង្កើនការរីកចម្រើនដល់សហគមន៍ និងមិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ។

-សម្ដេចធិបតី​ ថ្លែងថា​ ក្រសួងទេសចរណ៍ត្រូវជួយផ្សព្វផ្សាយនូវផលិតផលរបស់សហគមន៍ឲ្យពិភពលោកដឹងតាមរយៈផេករបស់ក្រសួងដូចជានៅសហគមន៍កែប ខ្នងផ្សារ តេទឹកពុះជាដើម។ សម្ដេចធិបតី បន្តថា រាល់ការវិនិយោគរបស់ឯកជន គឺមិនត្រូវធ្វើឱ្យ ស្លាប់សហគមន៍នោះឡើយ៕

ដោយ​៖ តារា​


ចែករំលែក៖