ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យបង្កើនការអភិវឌ្ឍទេសចរណ៍ ផ្សារភ្ជាប់ជាមួយសហគមន៍មូលដ្ឋាន

ចែករំលែក៖

ខេត្តតាកែវ ៖ ការអភិវឌ្ឍន៍ទេសចរណ៍ ដោយផ្សារភ្ជាប់ជាមួយនឹងសក្តានុពលរបស់សហគមន៍មូលដ្ឋាន គឺជាគំរូល្អណាស់។ នេះគឺជាការលើកឡើងរបស់ សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត នៃកម្ពុជា នៅក្នុងពិធីបើក ពីធីបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។ 

សម្តេច ហ៊ុន ម៉ាណែត ក៏អះអាងដែរថាការជំរុញការអភិវឌ្ឍទេសចរណ៍ភ្ជាប់នឹងសហគមន៍មូលដ្ឋាននេះ មិនមែនជាការបិទផ្លូវមិនឱ្យការវិនិយោគធំៗនៅក្នុងតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ ដែលមានសក្តានុពលនោះទេ។ វិនិយោគក្នុងរូបភាពបំពេញគ្នាជាមួយនឹងផលិតផលដែលសហគមន៍មាន ពោលគឺមិនមែនទៅបំបែកឆ្នាំងបាយរបស់ ប្រជាសហគមន៍។

សម្តេចធិបតី មានប្រសាសន៍ថា ៖ «ខ្ញុំឱ្យទៅគិតគូរមើល ថាបើសិនជាទីផ្សារមានតែប៉ុណ្ណឹង មិនអាចពង្រីកទៀតទេ។ ហ្នឹងប្រាកដហើយ តែគេមកយើងដួលហើយ។ តែ(បើ)ទីផ្សារមានសក្តានុពលពីរ តែសហគមន៍ធ្វើបានតែប៉ុណ្ណឹង អ៊ីចឹងកុំខ្លាចហៅគេមក(វិនិយោគ)មក។ តែផលិតផលដែលគេបង្កើត (ឬ) រីស៊ត អីនោះ បានន័យមក(វិនិយោគ) ដើម្បីជាការជួយគ្នា បំពេញគ្នា ជាមួយនឹងផលិតផលដែលសហគមន៍មាន។»។

ក្រៅពីនេះប្រមុខរាជរដ្ឋាភិបាល ក៏ជំរុញឱ្យគ្រឹះស្ថានធនាគារឯកជន ពិចារណា ក្នុងការផ្តល់កញ្ចប់ថវិកាកម្ចីក្នុងលក្ខខណ្ឌណាមួយ ទៅដល់សហគមន៍ទេសចរណ៍ដែលមានសក្តានុពល ឱ្យបានកាន់ច្រើនដែរ ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍។

សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ដូច្នេះថា៖ «កិច្ចការរបស់យើងគឺធ្វើយ៉ាងណា ដើម្បីគិតគូរឱ្យបានច្បាស់ ថាតើអ្វីដែលយើងអាចទាញផលបានដល់មូលដ្ឋាន។ ហើយបើសិនជាការអភិវឌ្ឍនៅនឹងកន្លែង និងការនាំចូលទេសចរ តាមរយៈភ្ជាប់តាមរយៈបណ្តាញទេសចរណ៍ បូកជាមួយនឹងកញ្ចប់ទេសចរណ៍ផ្សេងៗ ដែលអាចថ្ពក់មកដល់ផលិតផលមូលដ្ឋានដែលអាចប្រតិបត្តិដោយសហគមន៍នោះជាកិច្ចការល្អបំផុត។»។

សម្រាប់ប្រមុខរដ្ឋាភិបាល ការអភិវឌ្ឍន៍វិស័យទេសចរណ៍ភ្ជាប់សហគមន៍នេះ គឺសំដៅពង្រឹថសមត្ថភាពរបស់សហគមន៍ឱ្យអស់លទ្ធភាពសិន មុននឹងគិតគូរឱ្យមានការវិនិយោគរបស់ក្រុមហ៊ុនវិនិយោគិនឯកជន។ សម្តេច ហ៊ុន ម៉ាណែត បន្ថែមថា ក្រៅពីបង្រៀនសហគមន៍ទេសចរណ៍ ឱ្យមានសមត្ថភាពក្នុងការផ្តល់នូវបដិសណ្ឋារកិច្ចដែលមានគុណភាព ចេះធ្វើទីផ្សារ អាជ្ញាធរពាក់ព័ន្ធ គឺត្រូវគិតគូរពីការជួយជ្រោមជ្រែងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងបង្កលក្ខណៈងាយស្រួលបន្ថែមទៀត ដូចជាការជួយទុនបន្ថែមខ្លះ ដល់សហគមន៍ទេសចរណ៍ទាំងនោះ។  មិនតែប៉ុណ្ណោះ ការជំរុញការប្រទាក់ក្រឡា ឬក៏ការចងក្រង នៃសហគមន៍ទេសចរណ៍នៅក្នុងតំបន់ជុំវិញនោះ ក៏ជារឿងចាំបាច់ដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តថា ៖ ដើម្បីជួយសហគមន៍មូលដ្ឋានឱ្យកាន់តែប្រសើរ រដ្ឋាភិបាលនឹងជួយថែរក្សាការពារទីតាំង និងសម្បត្តិធម្មជាតិនៅទីនោះ ដើម្បីរក្សាតម្លៃធម្មជាតិ, ជួយកសាងហេដ្ឋារចនាសម្ពន្ធតភ្ជាប់តាមជាក់ស្ដែង, ជួយធ្វើបន្ទប់ទឹក, ធ្វើកន្លែងសង្គ្រោះបឋម និងរៀបចំកន្លែងលក់ដូរឱ្យមានរបៀបរៀបដើម្បីសហគមន៍ងាយស្រួលនៅក្នុងការទាញយកចំណូល និងរក្សាការ ពារតំបន់របស់ពួកគាត់។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្លែងថា ៖ ក្នុងជំនួបជាមួយប្រធានថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)កាលពីពេលថ្មីៗកន្លងមកនេះ ប្រធាន ADB បានកោតសរសើរចំពោះកម្ពុជាដែលបានរៀបចំឱ្យមានកម្មវិធីចិញ្ចឹមក្ដាមនៅកែប ដែលការរៀបចំនេះបានជួយដល់សហគមន៍មូលដ្ឋានឱ្យទទួលបានចំណូលបន្ថែម និងជាចំណែកមួយនៅក្នុងការជួយដល់វិស័យទេសចរណ៍ថែមទៀត ៕

ដោយ ៖ សិលា


ចែករំលែក៖