ខេត្តស្វាយរៀង៖ បើតាមការឱ្យដឹងពី លោក យូ យ៉េន មេប៉ុស្តិ៍រដ្ឋបាលសង្កាត់ប្រាសាទក្រុងបាវិតបានអោយអ្នកសារព័ត៌មាន ដឹងថា ករណីសង្ស័យផ្ទុះមីនតោន ចំកណ្តាលផ្ទះវីឡាតឿនៅក្រុងបាវិត គឺជាការផ្ទុះផាវគ្រាប់បែក និងកាំជ្រួច ចំណុចផ្ទះជាងបុកអណ្តូង ដែលមានយីហោ «សីពៅ» មានទទួលជួសជុល និងបុកអណ្តូងតូចធំគ្រប់ប្រភេទ ស្ថិតនៅភូមិ កណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។
លោកបន្តថា សមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចបានសហការជាមួយខាងសុីម៉ាក់ចុះពិនិត្យរកសំបកផ្ទុះនៅទីតាំងផ្ទះរងគ្រោះ។
បន្ទាប់ពីពិនិត្យរកសំបកផ្ទុះនោះរួចមកខាងសុីម៉ាក់បានរកឃើញថា មិនមែនជាមីនតោន ឬផ្ទុះធុងហ្គាសអ្វីនោះទេដោយសំបកកាំជ្រួច និងផាវគ្រាប់បែកដែលមានចំនួនច្រើនផ្ទុះបណ្តាលឲ្យខូចខាតផ្ទះនោះ។
សូមបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ អ៊ុក ពិសី បានឱ្យដឹងថា ផាវ និងកាំជ្រួចនោះជារបស់គាត់ដែលមានចំនួនច្រើន ប៉ុន្តែមិនបានដឹងពីមូលហេតុដែលនាំឱ្យផ្ទុះនោះឡើយ ដោយមុនពេលកើតហេតុ គាត់បានដើរចេញទៅតូបលក់ដូរខាងមុខផ្ទះ ស្រាប់តែឭសំឡេងផ្ទុះគ្រាំងកក្រើកដី ឃើញផ្ទះរបស់គាត់ប៉ើងដុំថ្ម និងដំបូលផ្ទះខ្ទាតឡើងលើ ផ្សែងហុយខ្មួលខ្មាញ់ឡើងលើ គាត់ភ័យតក់ស្លុតយ៉ាងខ្លាំងនិងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរតាមដងផ្លូវមកចោមរោមមើលពីចម្ងាយដោយមិនហ៊ានចូលជិត។
បច្ចុប្បន្ន ម្ចាស់ផ្ទះត្រូវបានសមត្ថកិច្ចហៅទៅសួរនាំអំពីការលាក់ទុកផាវ និងកាំជ្រួចដ៏ច្រើននេះ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងផងដែរ ៕
ដោយ៖ សុថាន