ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំតាំងពិព័រណ៍ទីផ្សារស្ដីពីការកែច្នៃផលិតផលអនុផលព្រៃឈើ រយៈពេល២ថ្ងៃ នៅខេត្ដសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ រួមនឹងបណ្ដាប្រទេសចំនួន៤ទៀត បានសហការរៀបចំពិព័រណ៍ផលអនុផលព្រៃឈើរយៈពេលពីរថ្ងៃ គឺថ្ងៃទី២២-២៣ ខែមីនានេះ នៅសួនច្បារខាងមុខព្រះរាជដំណាក់ ក្រុងសៀមរាប ដើម្បីបង្កើនចំណេះដឹងដល់សមាជិកក្រុមកែច្នៃអនុផលព្រៃឈើត្រូវតាមតម្រូវការទីផ្សារ ក្រោមការរៀបចំដោយអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធអនុផលព្រៃឈើកម្ពុជា ហៅកាត់ថា NTFP ។

លោក ស៊ឹម ប៊ុនធឿន ប្រធាន NTFP បានបញ្ជាក់ថា ក្រោយចុះអនុស្សរណៈកិច្ចព្រមព្រាងជាមួយក្រសួងការបរទេសកម្ពុជា និងចុះអនុស្សរណៈកិច្ចព្រមព្រាងជាមួយក្រសួងបរិស្ថាន ចាត់ពីឆ្នាំ២០០៨ មកដល់បច្ចុប្បន្ន NTFP បានអនុវត្តគម្រោងចិញ្ចឹមឃ្មុំនៅភ្នំគូលែន និងផ្តល់វគ្គបណ្តុះបណ្តាលជាច្រើនដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន១១ ក្នុងខេត្តសៀមរាប។ ពិព័រណ៍ផលអនុផលព្រៃឈើនេះ ដើម្បីផ្សារភ្ជាប់ផលិតផល អនុផលសហគ្រាស សហគមន៍ទៅអ្នកប្រើប្រាស់ បង្កើនចំណេះដឹងដល់សមាជិកក្រុមកែច្នៃអនុផលព្រៃឈើត្រូវតាមតម្រូវការទីផ្សារ និងបង្កើនចំណេះដឹងលើការកសាងផែនការអាជីវកម្មរបស់សហគមន៍ក្នុងការតភ្ជាប់ទៅនឹងទីផ្សារ។

លោក ច័ន្ទ ប៉ុណ្ណិកា អនុប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម មានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងតំបន់ទន្លេមេគង្គដែលពឹងអាស្រ័យលើវិស័យកសិកម្ម ហើយពលរដ្ឋនៅតាមសហគមន៍នៅតែពឹងអាស្រ័យលើអនុផលព្រៃឈើ។ បច្ចុប្បន្នយើងមានសហគមន៍ព្រៃឈើសរុបចំនួន៦៥៥ ដែលសហគមន៍ទាំងនេះបានដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកការពារ និងអភិរក្សព្រៃឈើកម្ពុជា។ ក្រៅពីកិច្ចការពារសហគមន៍ ពួកគេក៏អាចអាស្រ័យផលពីព្រៃសហគមន៍របស់ពួកគេ ដូចជាបន្លែព្រៃ ផ្លែឈើព្រៃ ពិសេសការប្រមូលអនុផលព្រៃឈើមកកែច្នៃជារបស់ប្រើប្រាស់ និងបង្កើនចំណូលក្នុងគ្រួសារ។

លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ពលរដ្ឋកម្ពុជាប្រមាណ ៦៨ភាគរយ ពឹងផ្អែកលើធនធានព្រៃឈើ អនុផលព្រៃឈើ និងការបរបាញ់សត្វសម្រាប់ការចិញ្ចឹមជីវិតរបស់ពួកគេ។ សកម្មភាពទាំងនោះរួមមានការបេះផ្លែឈើព្រៃ បន្លែព្រៃ ផ្តៅ ឬស្សី ទឹកឃ្មុំ ជ័រទឹក ជ័រចុង សំរ៉ង រំពាក់ និងឱសថបុរាណនានា។ នៅឆ្នាំ២០១០ រហូតមកដល់ឆ្នាំ២០១៥ ចំណូលដែលទទួលបានពីផ្តៅ មានចំនួន ១,៥លានដុល្លារក្នុងមួយឆ្នាំៗ។ ក្នុងនោះមានពលរដ្ឋប្រមាណជា ៥ ០០០គ្រួសារ ដែលមួយគ្រួសារអាចរកចំណូលបាន ៨៦ដុល្លារក្នុងមួយខែ។ ជាមួយគ្នានេះ គេសង្កេតឃើញថាមានសហគ្រាសសហគមន៍ជាច្រើនត្រូវបានចងក្រងបង្កើតឡើងដែលបម្រើដល់វិស័យ ផ្តៅ រំពាក់ ទឹកឃ្មុំព្រៃ និងឬស្សីជាដើម។

លោក ឌី រ៉ាដូ អភិបាលរងខេត្ដសៀមរាប បានជំរុញដល់អ្នកពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍ ខិតខំប្រឹងប្រែងបន្ថែមទៀតលើការងារគ្រប់គ្រង និងអភិវឌ្ឍអនុផលព្រៃឈើនៅប្រទេសកម្ពុជា ប្រកបដោយនិរន្តរភាព និងយល់ដឹងបន្ថែមពីអត្ថប្រយោជន៍នៃអនុផលព្រៃឈើសម្រាប់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិ។ តាមរយៈពិព័រណ៍រយៈពេល ២ថ្ងៃនេះ នឹងក្លាយជាកម្លាំងចលករមួយដ៏សំខាន់ ដើម្បីជំរុញដល់គ្រប់អ្នកពាក់ព័ន្ធខិតខំប្រឹងប្រែងបន្ថែមទៀត លើការងារគ្រប់គ្រង និងអភិវឌ្ឍអនុផលព្រៃឈើនៅប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព៕

ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តសៀមរាប


ចែករំលែក៖