ខេត្តតាកែវ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រដ្ឋាភិបាល ឬក្រុមគ្រួសារត្រកូលហ៊ុន មិនបានបង្ខំឱ្យអតីតព្រះតេជគុណ ជួន កក្កដា លាចាកសិក្ខាបទឡើយ ហើយភរិយារបស់សម្ដេច សោកស្ដាយ និងមិនចង់ឱ្យលាចាកសិក្ខាបទដែរ ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ស្នើសុំទៅលោក ជួន កក្កដា អតីតព្រះសង្ឃនៅ វត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ ជួយពន្យល់ពីមូលហេតុដែលលោកសម្រេចលាចាកពីភេទជាសង្ឃ ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាបច្បាស់ និងដើម្បីបញ្ជៀសកុំឱ្យមានការចោទប្រកាន់ថា រដ្ឋាភិបាលបង្ខំឱ្យលោកសឹក។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ ក្នុងការអញ្ជើញជាអធិតី ដ៏ខ្ពង់ខ្ពស់ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏លើកឡើងថា ៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅដែលឆ្លុះបញ្ចាំងពីអត្ថ ប្រយោជន៍របស់ទន្លេ បង្ហាញពីទំនៀមប្រពៃណី និងធម្មជាតិនៅកម្ពុជា។ សម្ដេចធិបតីបន្ថែមថា នៅបុរាណសម័យទន្លេគឺជាចំណុចកណ្ដាលនៃការបង្រួបបង្រួមមនុស្សក្នុងសហគមន៍រស់នៅរបស់ខ្មែរ។
ពាក់ព័ន្ធអតីតព្រះតេជគុណ ជួន កក្កដា លាចាកសិក្ខាបទ កន្លងទៅស្រ្តីទី១កម្ពុជា ឧត្តមភរិយា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានបង្ហោះលើផេកផ្លូវការថា ៖ ទោះព្រះតេជគុណ ជួន កក្កដា «អស់បុណ្យជាព្រះសង្ឃ»លាចាកសិក្ខាបទ ក៏សង្ឃឹមថាបន្តផ្តល់ការអប់រំយុវជន យុវតីជំនាន់ក្រោយអោយមាន សីលធម៌ សុជីវធម៌ មេត្តាធម៌ និងគុណធម៌ ។
លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៖ នាងខ្ញុំចូលចិត្តស្តាប់ធម្មទេសនារបស់ព្រះអង្គសូម អរព្រះគុណ និងអរគុណណាស់លោកប្អូន ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ជួយដល់ព្រះពុទ្ធសាសនានៅកម្ពុជាកន្លងមកនេះ ជួយក្នុងការអប់រំតាមរយៈឱវាទរបស់ព្រះពុទ្ធ ។ បន្ទាប់ពីពេលនេះទៅទោះបីលោកប្អូនក្លាយជាគ្រហស្ថ ក៏ខ្ញុំនៅតែសង្ឃឹមថាលោកប្អូននៅតែជួយដល់ព្រះពុទ្ធសាសនាបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋ ជួយដល់សង្គមកម្ពុជា ជាពិសេសគឺការអប់រំយុវជន យុវតីជំនាន់ក្រោយអោយមាន សីលធម៌ សុជីវធម៌ មេត្តាធម៌ និងគុណធម៌។ សូមជូនពរលោកប្អូនអោយមានសំណាងល្អក្នុងភាពជាគ្រហស្ថ។ សូមបញ្ជាក់ថា ៖ ជាង២៧ព្រះវស្សា ក្នុងវិស័យព្រះពុទ្ធសាសនា ព្រះតេជគុណ ជួន កក្កដា ព្រះវិន័យធរគណខេត្តតាកែវ និងជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នាយកសាលាពុទ្ធិកនាងខ្មៅ សម្រេចលាចាកសិក្ខាបទ ក្រោមហេតុផល «អស់បុណ្យជាព្រះសង្ឃ»។ ព្រះអង្គ លាចាកសិក្ខាបទ នៅព្រឹកថ្ងៃទី១៩ មីនា ឆ្នាំ២០២៥ នេះ ។
«អស់បុណ្យជាព្រះសង្ឃ»។ នេះជាហេតុផលរបស់ព្រះអង្គ ជួន កក្កដា ដែលមានសង្ឃដីការពន្យល់ទៅកាន់ពុទ្ធបរិស័ទ្ធ ប្រជាពលរដ្ឋ ដែលតែងតែគោរពប្រតិបត្តិ និងចូលចិត្តស្ដាប់ធម៌វិន័យរបស់ព្រះអង្គ នៅក្នុងវីដេអូជិត១២នាទី។ សូមបញ្ជាក់ថា ៖ «ការលាចាកភ្នួសរបស់ព្រះតេជគុណនាំឱ្យមានការសោកស្តាយធនធានសង្ឃក្នុងវិស័យព្រះពុទ្ធសាសនា »៕
ដោយ ៖ សិលា