ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងលួចដំឡើងកែច្នៃរថយន្តខុសច្បាប់ជាង៤០កន្លែងក្នុងខណ្ឌសែនសុខត្រូវបិទអាជីវកម្ម

ចែករំលែក៖

ភ្នំពេញ៖ ជាចម្ងល់មួយក្នុងចំណោមរាប់លានចម្ងល់ ហេតុអ្វីបានជាឈ្មួញមានឱកាសលួចបង្កើតទីតាំងដំឡើងកែច្នៃ កាត់តរថយន្តដោយខុសច្បាប់បានជាច្រើនកន្លែង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បើសមត្ថកិច្ចមានច្រើនស្ថាប័នណាស់មានសិទ្ធិបង្ក្រាបបទល្មើសនេះ ហេតុអីក៏អាចបន្តអាជីវកម្មបាន? តើពួកគេដឹកចូលតាមច្រកណា រាល់ឡានកាត់តទាំងនោះ..? 

ទីបំផុត..! យានដ្ឋានកែច្នៃ និងជួសជុលរថយន្ត កាត់តដោយខុសច្បាប់ចំនួនជាង ៤០ទីតាំងស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានបិទអាជីវកម្ម ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយហានិភ័យ គ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ 

សូមបញ្ជាក់ថា យានដ្ឋានកែច្នៃ និងជួសជុលរថយន្តខុសច្បាប់ចំនួនជាង ៤០ទីតាំង ក្នុងចំណោមយានដ្ឋានសរុបចំនួន១១០ទីតាំង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌសែនសុខ ចុះធ្វើការបិទអាជីវកម្ម។ 

ការចុះបិទអាជីវកម្មនេះត្រូវបានធ្វើឡើងក្រោមការដឹកនាំពីលោកស្រី បុប្ផា ផានី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោមការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៤  ខែសីហា ឆ្នាំ២០២០។ 

ការចុះបិទអាជីវកម្មនេះ បើតាមការឱ្យដឹងពីលោកស្រី បុប្ផា ផានី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបញ្ជាក់ថា៖ យោងតាមអនុសាសន៍ណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងយោងតាមលិខិតលេខ ០៥៨ ចុះថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញលិខិតលេខ៥១៥ ចុះថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ ដើម្បីធ្វើការណែនាំគ្រប់រាជធានី-ខេត្ត ចុះត្រួតពិនិត្យ និងបិទទីតាំងយានដ្ឋានកែច្នៃ យានដ្ឋានដែលគ្មានច្បាប់អនុញ្ញាត នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ-ខេត្តរបស់ខ្លួនឱ្យបានទាំងស្រុង ។ ដោយយោងទៅតាមការណែនាំនេះ និងស្របតាមអនុសាសន៍ណែនាំបន្ថែមពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទើបនៅថ្ងៃនេះមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើការចុះបិទអាជីវកម្មទីតាំងយានដ្ឋានកែច្នៃ ដែលនៅសេសសល់ មិនទាន់មានច្បាប់អនុញ្ញាតឱ្យអស់ទាំងស្រុង ក្នុងនោះយានដ្ឋានស្ថិតក្នុងខណ្ឌសែនសុខ មានយានដ្ឋានសរុបចំនួន ១១០ទីតាំង និងត្រូវធ្វើការបិទចំនួនជាង៤០ ដែលជាទីតាំងគ្មានច្បាប់អនុញ្ញាត ។   

សូមបញ្ជាក់ថា យានដ្ឋានជួសជុលថយន្តក្នុងរាជធានីភ្នំពេញសរុបមានចំនួន ៩៧១ គ្មានច្បាប់អនុញ្ញាតចំនួន៣៩០ ទីតាំង យានដ្ឋានកែច្នៃរថយន្តចំនួន ២៤ទីតាំង គ្មានច្បាប់អនុញ្ញាតចំនួន២២ទីតាំង ក្នុងនោះយានដ្ឋានស្ថិតក្នុងខណ្ឌសែនសុខមាន ១១០ ទីតាំង និងគ្មានច្បាប់អនុញ្ញាតជាង៤០ទីតាំង។

សូមរំឭកថា៖ ជនល្មើសតែងយកទីតាំងបែបនេះ ជាកន្លែងកាត់តរថយន្ត មកប្តូរពណ៌រថយន្តចោរកម្មនេះជាដើម៕

ដោយ៖ សិលា


ចែករំលែក៖