ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាសអាសន្នផ្ទួនៗគ្នាពីគ្រោះធម្មជាតិភ្លើងឆេះព្រៃនិងខ្យល់ព្យុះនៅរដ្ឋពីរផ្សេងគ្នាក្នុងទឹកដីអាមេរិក។ ប្រធានាធិបតីត្រាំ បានសម្រេចប្រកាសអាសន្នពីភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រនីញ៉ា ក្រោយភ្លើងឆេះកាន់តែខ្លាំងឡើងមិនទាន់អាចគ្រប់គ្រងបាន។
ចំពោះការរាលដាលនៃភ្លើងឆេះព្រៃកាន់តែខ្លាំងឡើងនៅរដ្ឋកាលីហ្វ័រនីញ៉ា លោកត្រាំបានប្រកាសអាសន្ន ក្នុងរដ្ឋនេះ ហើយអនុញ្ញាតឲ្យចំណាយមូលនិធិសហរដ្ឋជួយដល់រដ្ឋាភិបាល និងពលរដ្ឋដែលរងផលប៉ះពាល់។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីអភិបាលរដ្ឋ កាលីហ្វ័រនីញ៉ាលោកGavin Newsom ដែលបានបញ្ជាក់ថា «អរគុណប្រធានាធិបតី ដែលបានជួយដល់រដ្ឋនេះក្នុងការទប់ស្កាត់ភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំ។ រដ្ឋកាលីហ្វ័រនីញ៉ាកំពុងតែខិតខំទប់ស្កាត់ការរាលដាលភ្លើងឆេះព្រៃធំបំផុតក្នុងប្រវត្តិសាស្ត្ររដ្ឋនេះ»។
តាមការលើកឡើងរបស់លោកGavin Newsom មកទល់ពេលនេះក្រុមពន្លត់អគ្គិភ័យគ្រប់គ្រងស្ថានភាពបានតែ១៥ភាគរយប៉ុណ្ណោះ។ ជាមួយគ្នានេះដែរភ្លើងឆេះព្រៃបានសម្លាប់មនុស្ស៦នាក់ហើយ ក្នុងរយៈប៉ុន្មានថ្ងៃដែលឆាបឆេះ។ ក្រុមពន្លត់អគ្គិភ័យ ដល់ទៅ១៣.៧០០នាក់ បានខិតខំគ្រប់គ្រងស្ថានភាពភ្លើងឆេះ។
បន្ទាប់ពីប្រកាសអាសន្នភ្លើងឆេះព្រៃនៅកាលីហ្វ័រនីញ៉ា នៅពេលនេះលោកត្រាំក៏បានប្រកាសអាសន្ននៅរដ្ឋ Louisiana ពីព្យុះកំណាចពីរផ្សេងគ្នាវាយប្រហារចូលក្នុងរដ្ឋនេះក្នុងពេលតែមួយ។
លោកត្រាំបានបញ្ជាក់ថា លោកតាមដានយ៉ាងយកចិត្តទុកដាក់នូវព្យុះកំណាចចំនួនពីរផ្សេងគ្នាគឺព្យុះ Marco និង Laura ដែលកំពុងតែវាយប្រហារនៅលើទឹកដីអាមេរិក។ តាមការព្យាករ នៅថ្ងៃទី២៤(ពេលវេលាអាមេរិក)ព្យុះទាំងពីរខាងលើនឹងចូលដល់ដីគោកអាមេរិក៕ដោយ៖ធី រីណា