ភ្នំពេញ៖ មជ្ឈមណ្ឌលប្រចាំតំបន់អាស៊ីអាគ្នេយ៍សម្រាប់ឧត្តមសិក្សា និងស្រាវជ្រាវផ្នែកកសិកម្ម (SEARCA) ដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីន បានបង្កើតការប្រកួតប្រជែងវីដេអូ មួយ ដែលបង្ហាញអំពីការអនុវត្តផលិតកម្មចំណីអាហារក្នុងស្រុកដោយយុវជន ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌល SEARCA ដែលព័ត៌មាន នគរវត្ដយើងទទួលបានថ្ងៃទី២៤ ខែសីហា នេះ បានឱ្យដឹងថា៖ ការប្រកួតប្រជែងដែល មានឈ្មោះថា (Youth COVIDeo Contest )បានបើកទទួលពាក្យសម្រាប់យុវជនកម្ពុជា ក៏ដូចជាយុវជននៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដទៃទៀត ដែលមានអាយុចាប់ពី ១៥ឆ្នាំ ដល់ ៣៥ឆ្នាំ ដោយអាចចូលរួមជាក្រុម ឬជាឯកត្តជនបាន។
ការប្រកួតប្រជែងនេះត្រូវបានរៀបចំឡើងក្រោមកម្មវិធី កម្លាំងយុវជនសម្រាប់នវានុវត្តន៍កសិកម្ម (# Y4AGRI) របស់មជ្ឈមណ្ឌល SEARCA ដែលមានគោលបំណងលើកទឹក ចិត្តយុវជនឱ្យបន្តចូលរួមក្នុងវិស័យកសិកម្ម និងវិស័យដែលពាក់ព័ន្ធនានា ជាអាជីព ឬ បណ្តាក់ទុនទៅក្នុងសហគ្រាសកសិកម្ម។
លោកបណ្ឌិត Glenn B. Gregorio ប្រធានមជ្ឈមណ្ឌល SEARCA បានមានប្រសាសន៍ថា៖ កម្មវិធី Y4AGRI គឺជា វេទិកាដែលអនុញ្ញាតឱ្យយុវជនចូលរួម និងធ្វើជាដៃគូក្នុងការស្វែងរកដំណោះស្រាយដែលមានភាពប្រសើរជាងមុន កាន់តែធំជាងមុន និងឆ្លាតវៃជាងមុន សម្រាប់កសិករ និងគ្រួសារកសិកររបស់យើង ។
ការប្រកួតប្រជែង ក្រោមប្រធានបទ៖យុវជន និងអាហារដែលដាំដុះក្នុងស្រុក នេះ នឹងផ្តល់រង្វាន់ដល់ស្នាដៃដែលល្អជាងគេ ដែលរៀបរាប់អំពីរបៀប និងមូលហេតុដែលយុវជនដាំដំណាំនៅតាមផ្ទះ តាមសាលា រៀន ឬតាមសហគមន៍ ក្នុងពេលដែលកំពុងមានរោគរាតត្បាត។
វីដេអូក៏អាចនិយាយអំពីការណែនាំជាក់ស្តែងស្តីពីការដាំបន្លែ ការធ្វើជីកំប៉ុស ការ ប្រមូលផល ឬដំណើរការណាមួយ នៃការដាំដុះក្នុងស្រុក។ មួយវិញទៀត វីដេអូនោះក៏អាចនិយាយអំពីបទពិសោធន៍របស់យុវជនស្តីពី អត្ថប្រយោជន៍នៃអាហារដែលដាំដុះក្នុងស្រុក ដើម្បីសុខភាពរបស់ពួកគេ ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេផងដែរ។
យុវជនអាចផលិតវីដេអូជាភាសាអង់គ្លេស ឬភាសាជាតិរបស់ខ្លួន ប៉ុន្តែត្រូវមានអក្សររត់ពីក្រោម ជាភាសាអង់គ្លេស ហើយ វីដេអូដែលចូលរួម អាចផលិតជាទម្រង់ vlog វីដេអូចម្រៀង វីដេអូឯកសារ ឬវីដេអូជីវចល ដែល មានថិរវេលាពី ១នាទី ទៅ ៣នាទី។ ថ្ងៃផុត កំណត់នៃការទទួលវីដេអូចូលរួម គឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ។ ព័ត៌មានលម្អិតទាក់ទងនឹងការប្រកួតប្រជែងនេះមាននៅលើគេហ ទំព័ររបស់មជ្ឈមណ្ឌល SEARCA ។
វីដេអូដែលទាក់ទាញការចូលចិត្ត (Like) បានច្រើនជាងគេនៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) ចំនួន៣ នឹងត្រូវបានជ្រើសរើស សម្រាប់ទទួលរង្វាន់ជាសាច់ ប្រាក់ និងថេប្លេត (tablet)៕ សំរិត