ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានចាប់ផ្តើមវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២០

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន បានចាប់ផ្តើមដំណើការជាថ្មីមួយទៀតក្នុងឆ្នាំ២០២០នៅខេត្ត ស្ទឹងត្រែង នាព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០ ។ ពិធីបើកការណែ នាំឆ្ពោះទៅដំណើការវេទិកាលើកទី៤០ សម្រាប់ ការរៀបចំវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ដែលរៀបចំដោយ នាយកដ្ឋានអប់រំ នៃអគ្គចំណេះ ដឹងក្រសួង បរិស្ថានក្រសួងបរិស្ថាន ក្រោម ប្រធានបទការគ្រប់គ្រងធនធានធម្មជាតិ ជាភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដឹកនាំដោយលោក ផៃប៊ុន ឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ម៉ុមសារឿន អភិបាលនៃគណ:អភិបាល ខេត្ត ស្ទឺងត្រែង ដោយ មានការចូលរួម ពីលោក ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចណណេះដឹង ព័ត៌មានបរិស្ថាន តំណាងរដ្ឋបាលខេត្តស្ទឹងត្រែង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យក្នុងខេត្តស្ទឹងត្រែង ។ 

លោក ជួប ប៉ារីស៍ មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន តែងតែរៀបចំវេទិកាជជែកពិភាក្សាអំពី បរិស្ថាននេះឡើងនៅរាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សមកពីបណ្តាសកលវិទ្យាល័យនានា បញ្ចេញសមត្ថភាព សិក្សាស្រាវជ្រាវ និងស្វែងរកចំណេះដឹង បទពិសោធន៍ថ្មីៗតាមបែបវិទ្យាសាស្រ្ត និងចែករំលែកនូវចំណេះដឹងទាំងនោះទៅដល់សាធារណជនទូទៅឱ្យយល់ដឹងអំពីសារៈសំខាន់នៃបរិស្ថាន សំដៅចូលរួមអនុវត្តទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលក្នុងគោលដៅថែររក្សាបាននូវការការពារ និងអភិរក្សបរិស្ថាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ។ ឆ្នាំនេះគឺជាវេទិកាលើកទី៤០ហើយ សម្រាប់ការរៀបចំវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ដែលរៀបចំដោយក្រសួងបរិស្ថាន ហើយឆ្នាំនេះក៏ជាលើកទី២ហើយ ដែលក្រសួងបរិស្ថាន បានរៀបចំវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានកម្រិតវិទ្យាល័យនៅតាមបណ្តារាជធានី/ខេត្ត ក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់សិស្សានុសិសស្ស នៅតាមបណ្តាខេត្ត បានសិក្សាស្វែងយល់បន្ថែមអំពីបញ្ហាបរិ ស្ថាន និងចូលរួមចែករំលែកចំណេះដឹងទាំងនោះទៅដល់សហគមន៏របស់ខ្លួន ហើយលើសពីនោះទៀតគឺការផ្តល់ឱកាសសម្រាប់ការចុះទស្សនកិច្ចសិក្សាស្វែងយល់ជាក់ស្តែនៅតំបន់គម្រោង។

    លោក ម៉ុម សារឿន ក្នុងនាមរដ្ឋបាលដែនដី ខេត្តស្ទឹងត្រែង សូមស្វាគមន៍ នូវកិច្ចសហកាណ៌ ពីក្រសួងបរិស្ថាន ក៌ដូចអង្គការដៃគូពាក់ពន្ធ័នានា។ឯកឧត្តមបាន ផ្តាំផ្ញើសិស្សានុសិស្សយកចិត្តទុកដាក់ ត្រងត្រាប់ សិក្សាស្រាវជ្រាវ យកបទពិសោធន៍ល្អ ដើម្បីឈានទៅរកការប្រគួត យកជ័យលាភី នាពេលខាងមុខ។

   ក្នុងឱកាសនោះ លោក ផៃ ប៊ុនឈឿន មាន ប្រសាសន៍ថ្លែងអំណរគុណដល់គម្រោងUSAID ព្រៃឡង់បៃតង ដែលបានគាំទ្រ និងជួយសម្រួល និងផ្តល់ឱកាសដល់ប្អូនៗសិស្សានុសិស្ស លើការសិក្សា ស្រាវជ្រាវអំពីធនធានជីវ:ចម្រុះក្នុងតំបន់នេះផ្ទាល់ សំដៅចូលរួមចំណែកក្នុងកិច្ចគាំពារ និងអភិរក្សជីវៈចម្រុះក៏ដូចជាការប្រមូលធាតុចូលសំខាន់ៗសម្រាប់ការសិក្សាស្វែងយល់របស់ប្អូនៗ ក្នុងការប្រកួតប្រជែងនាពេលខាងមុខ ។ 

 លោករដ្ឋលេខាធិការ បញ្ជាក់ថា វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២០ នេះ គឺមានលក្ខណៈពិសេសជាងការប្រកួតប្រជែងឆ្នាំកន្លង មក ដោយបេក្ខជនដែលចូលរួមប្រកួតប្រជែង អាចធ្វើការសិក្សាស្រាវជ្រាវលើប្រធានបទជាក់ ស្តែងដែលកំពុងតែកើតមានក្នុងមូលដ្ឋានរបស់ខ្លួន ដោយផ្តោតលើការការពារ និងអភិរក្សធនធានធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋានជាដើម។ 

លោកបានលើកទឹកចិត្តឱ្យសិស្សានុសិស្ស ខិតខំយកចិត្តទុកដាក់ចូលរួមក្នុងវេទិកានេះ ដែលនឹងផ្តល់សារអប់រំដល់សារធារណជនទូទៅយល់ ដឹងពីអត្ថប្រយោជន៍នៃជីវៈចម្រុះ និងជម្រើសមុខរបរសម្រាប់ប្រជាសហគមន៍ ដើម្បីឈានទៅរកការកែប្រែឥរិយាបថរបស់បុគ្គល និងអភិវឌ្ឍទង្វើប្រកបដោយសីលធម៌សំដៅចូលរួមយ៉ាងសកម្មក្នុងការពារ និងអភិរក្សជីវៈចម្រុះឱ្យបានស្ថិតស្ថេរសម្រាប់ជាប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់។

 សូមបញ្ជាក់ថា សម្រាប់វគ្គប្រកួតដំបូងនឹងមានសិស្សានុសិស្សមកពីវិទ្យាល័យចំនួនពីរក្នុងមួយខេត្ត រួមមានមានវិទ្យាល័យ ព្រះ រាជបូជនីយកិច្ច និងវិទ្យាល័យ ហ៊ុនសែន ដើម្បីប្រកួតយកលេខ១ត្រៀមទៅវគ្គផ្តាច់ព្រ័ត នៅខេត្តព្រះវិហារ។  រីឯប្រធានបទសម្រាប់ការជជែកពិភាក្សាសម្រាប់វេទិកាទាំងមូលគឺផ្តោតទៅលើ ការគ្រប់គ្រងព្រៃឈើ ធនធានធម្មជាតិ ជីវៈចម្រុះ និងបញ្ហាការប្រែប្រួលអាកាសធាតុ។

វគ្គប្រកួតផ្តាច់ព្រ័តនៃវេទិកាឆ្នាំនេះ កម្មវិធីក៏នឹងមានរៀបចំដំណើរទស្សនកិច្ចសិក្សាស្វែងយល់បទពិសោធន៏ និងការអនុវត្តជាក់ស្តែងនៅតំបន់គម្រោងព្រៃឡង់ស្ថិតនៅខេត្តព្រះវិហារ សម្រាប់ សិស្សានុសិស្សដែលជាបេក្ខជនប្រកួតទាំងអស់ រួមជាមួយក្រុមយុវជនជ័យលាភីលេខ១ប្រចាំឆ្នាំ២០១៩ ផងដែរ មុននឹងបេក្ខជនទាំងនោះចាប់ផ្តើមប្រកួតជជែកពិភាក្សាក្នុងវគ្គផ្តាច់ព្រ័ត៕

ដោយ៖ សិលា


ចែករំលែក៖