ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ចុះដងទឹកបាញ់ស្មៅរអិលជើងធ្លាក់ចូលទឹកស្រះលង់ស្លាប់

ចែករំលែក៖

   ខេត្តក្រចេះ៖ ស្ត្រីម្នាក់បានរអិលជើងធ្លាក់ចូលក្នុងស្រះបណ្តាលឱ្យលង់ទឹកស្លាប់ខណៈដែលគាត់ចុះដងទឹកយកទៅបាញ់ថ្នាំស្មៅមិនប្រយ័ត្ន។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងនិងសមត្ថកិច្ចមូលដ្ឋាននាំគ្នារត់ទៅពិនិត្យមើល។

ហេតុការណ៍ស្រ្តីម្នាក់ធ្លាក់ចូលទឹកស្រះលង់ស្លាប់នេះបានកើតឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ស្ថិតក្នុងភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង  ខេត្តក្រចេះ ។

តាមប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ឃាន សុខលាង អាយុ៥១ឆ្នាំរស់នៅភូមិ ឃុំកើតហេតុខាងលើ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងដើម្បីធ្វើការត្រួតពិនិត្យហើយត្រូវបានក្រុមគ្រួសារសពប្រាប់ឱ្យដឹងថានៅថ្ងៃកើតហេតុនេះស្រ្តីរងគ្រោះបានដើរទៅដងទឹកដើម្បីបាញ់ថ្នាំស្មៅនៅចម្ការហើយក៏បានរអិលជើងធ្លាក់ចូលទៅក្នុងទឹកស្រះបណ្ដាលឱ្យលង់ស្លាប់ភ្លាមៗតែម្តង។

កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកឆ្លូងបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំព្រែកសាម៉ាន់បានធ្វើការពិនិត្យកន្លែងកើតហេតុនិងធ្វើកោសល្យវិច័យលើសាកសព រួចហើយសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

បន្ទាប់ពីសមត្ថកិច្ចធ្វើការពិនិត្យរួចរាល់ហើយក៏បានប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖