ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារគ្រាប់បែកនៅហ្វុីលីពីន​ស្លាប់១០នាក់របួសរាប់សិបនាក់

ចែករំលែក៖

ហ្វុីលីពីន៖ មានករណីវាយប្រហារគ្រាប់បែកជាបន្តបន្ទាប់នៅស្រុក Jolo ​​ភាគខាងត្បូង​ហ្វុីលីពីន​ បណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់ និងរាប់សិបនាក់រងរបួស ។
កម្លាំងប៉ូលិសហ្វុីលីពីន បានឲ្យដឹងថា​ ការវាយប្រហារគ្រាប់បែក នៅវេលាម៉ោង​១២ថ្ងៃត្រង់​ស្ថិតនៅលើកោះ​Jolo ​និងតំបន់ជិតខាង​នៅក្នុងខេត្ត​ Sulu ​ភាគខាងត្បូងប្រទេសនេះ។
ការផ្ទុះគ្រាប់បែកលើកទីមួយកើតឡើងនៅមុខហាងលក់ទំនិញ ដោយពេលនោះរថ​យន្តមួយគ្រឿងផ្ទុកគ្រាប់រំសេវ បើកសំដៅបុករថយន្តយោធា ។ ប៉ុន្មាននាទីក្រោយមក មានករណីផ្ទុះជាលើកទីពីរ នៅមុខធនាគារ​ ដែលមានចម្ងាយពីការផ្ទុះលើកទីមួយតែ​១០០ម៉ែត្រ ប៉ុណ្ណោះ។
តាមការស្រាវជ្រាវជាបឋម ការផ្ទុះលើកទីពីរ បង្កឡើងដោយស្ត្រី​ វាយប្រហារអត្តឃាតបណ្តាលឲ្យមានអ្នកស្លាប់និងរបួស​ជាច្រើន​។​ តាមរបាយការណ៍របស់កម្លាំងប៉ូលិសក្នុងតំបន់ ការវាយប្រហារទាំងពីរលើក បណ្តាលឲ្យមានអ្នកស្លាប់​១០នាក់ និង ៤០នាក់រងរបួស ក្នុងនោះមានទាហាន ១៦នាក់​និង​ពលរដ្ឋស្លូតត្រង​២៤នាក់​។
ខេត្ត Sulu ​របស់ហ្វុីលីពីន ជាតំបន់មានពលរដ្ឋអ៊ិស្លាមរស់នៅភាគច្រើន​ និងជាតំបន់ដែលក្រុមឧទ្ទាមអ៊ិស្លាម Abu Sayyaf មានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ិស្លាមធ្វើសកម្មភាពនៅទីនោះ ដោយមានការចាប់ជំរិតវាយប្រហារគ្រាប់បែកជាដើម ៕

ដោយ៖ធី រីណា


ចែករំលែក៖