ខេត្តក្រចេះ ៖ មេឈ្មួញឈើខាងលិចទន្លេមេគង្គឈ្មោះសម្បត្តិ ដែលប្រើអំពើហិង្សាបុកកម្ទេចរថយន្តនិងប៉ុនប៉ងវាយអ្នកកាសែតមួយក្រុមនៅក្នុងទឹកដីខេត្តកំពង់ចាមព្រំប្រទល់ស្រុកព្រែកប្រសព្វនោះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះចុះឃាត់និងនាំខ្លួនទៅសាកសួររួមជាមួយនឹងវត្ថុតាងរថយន្ដមួយគ្រឿង ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ហើយនារសៀលថ្ងៃទី២៤ ខែសីហានេះ។
ការឃាត់ខ្លួនមេឈ្មួញឈើដ៏ល្បីល្បាញម្នាក់ឈ្មោះ ឃាន សម្បិត្ត អាយុ ៣៨ឆ្នាំដែលកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះបានធ្វើឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃ២៣ ខែសីហា ឆ្នាំ២០២០ឯលំនៅឋានស្ថិតក្នុងភូមិព្រែកប្រាំង ឃុំព្រែកប្រសព្វស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ប្រភពពីកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះបានឱ្យដឹងថា ការឃាត់ខ្លួនលោកសម្បត្តិ មកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះនេះគឺទាក់ទិននឹងករណីប្រើអំពើហិង្សាទៅលើអ្នកកាសែតនិងជំនួញឈើដោយខុសច្បាប់នៅវេលាម៉ោង៤និង១៥នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ត្រង់ចំណុចភូមិទួលស្រឡៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពងចាមដែលបានជួបរថយន្ដក្រុមអ្នកសារព័ត៌មានចំនួន២គ្រឿងធ្វើការបិទផ្លូវមិនឱ្យរថយន្ដដឹកឈើធ្វើដំណើរ ក៏មានការប៉ះទង្គិចគ្នាតែម្ដង។
ប្រភពបន្តថា ការឃាត់ខ្លួននោះក៏យោងតាមបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បន្ទាប់ពីទទួលពាក្យបណ្ដឹងជនរងគ្រោះឈ្មោះ ម៉ូវ សុខឌីម ភេទប្រុស អាយុ៥០ឆ្នាំ ជាអ្នកសារព័ត៌មាន ករណីហិង្សាដោយចេតនា។
ករណីប្រើអំពើហិង្សានេះដោយសារជនសង្ស័យឈ្មោះ ឃាន សម្បិត្តបានធ្វើការដឹកជញ្ជូនឈើក្រហម (ឈើគ្រឿងផ្ទះ) តាមរថយន្ដកែច្នៃចេញពីតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដោយមានការដឹកជញ្ជូនឆ្លងកាត់អង្ក្រងសាប ឆ្ពោះមកផ្លូវបំបែក បែកអន្លូងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ប្រភពបានបង្ហើបទៀតថា លោកសម្បត្តិ គឺជាមេឈ្មួញឈើដ៏ល្បីល្បាញនៅទឹកដីខាងលិចទន្លេមេគង្គហើយតែងប្រើប្រាស់រថយន្តម៉ាកឡិចសុីស៤៧០ ពណ៌ត្រេអ៊ុីពាក់ស្លាកលេខ ខ.ម ដើម្បីរត់ការទំនាក់ទំនងដឹកជញ្ជូនឈើក្នុងតំបន់ត្រើយម្ខាងទន្លេនោះ។
ប្រភពបន្តឱ្យដឹងទៀតថា រថយន្តឡិចសុីស៤៧០ នេះគឹជារបស់លោក ហង់ ចាន់ឌី អភិបាលស្រុកព្រែកប្រសព្វទៀតផង ហើយកន្លងមកលោកសម្បត្តិនេះ តែងតែអួតប្រាប់គេថា គាត់ជាកូនចៅលោកអភិបាលស្រុកនិងត្រូវជាក្មួយថែមទៀត។
រីឯសមត្ថកិច្ចវិញគ្រប់លំដាប់ថ្នាក់វិញមិនហ៊ានប៉ះពាល់លោកសម្បត្តិនេះទេព្រោះច្រើនតែមានការអន្តរាគមន៍ពីលោកហង់ចាន់ឌី អភិបាលស្រុកព្រែកប្រសព្វនោះ។
ចំពោះលោកអភិបាលស្រុកព្រែកប្រសព្វនោះវិញក៏ធ្លាប់បានចេញលិខិតរដ្ឋបាលឱ្យ លោក កែវ រដ្ឋា ហៅអ៊ុង យោធាស្រុក ឱ្យដឹកជញ្ជូនឈើចំនួន៦៥ម៉ែត្រគូបទៀតផងថាយកទៅសាងសង់មូលដ្ឋានកងទ័ពស្រុកព្រែកប្រសព្វ ប៉ុន្តែបែរជាយកទៅលក់នៅខេត្តកំពង់ចាមឯណោះទៅវិញទេ គឺធ្វើលិខិតបន្លំសមត្ថកិច្ច។
ទាក់ទិននឹងការឃាត់ខ្លួនលោកសម្បត្តិនេះគឺក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវ ជុំវិញរឿងហេតុខាងលើហើយកំណត់ថា ឈ្មោះ ឃាន សម្បិត្ត បានប្រព្រឹត្តចំនួន ៣ករណី រួមមានករណីដឹកជញ្ជូនឈើ ដោយខុសច្បាប់, ករណីហិង្សាស្រាលនិង
ករណីក្លែងឯកសារសាធារណៈ (រថយន្ដពាក់ស្លាកលេខ ខម)៕
ដោយ ៖ ជីវ័ន្ត