ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនលោកផ្កាយ២ យោធា ទន្ទ្រានយកដីអភិរក្សជិត៤០ ហិកតា នៅស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ជនសង្ស័យ ដែលដើរមានអំនួត អះអាងថាខ្លួនផ្កាយ២យោធា ហ៊ានកាប់ទន្ទ្រានដីព្រៃអភិរក្សជិត៤០ហិកតាធ្វើកម្មសិទ្ធិ ទីបំផុតត្រូវបាន កម្លាំងចម្រុះ របស់រដ្ឋបាលស្រុកវាលវែង ចុះបង្ក្រាបឈានដល់ឃាត់ខ្លួន ក្នុងបទល្មើសជាក់ស្តែង។ 

សូមបញ្ជាក់ថា៖ នាថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២០ កម្លាំងចម្រុះរដ្ឋបាលស្រុកវាលវែង បានធ្វើឃាត់ខ្លួនបុរសម្នាក់ឈ្មោះ សុខ ចំរើន ដែលល្បីថាជាផ្កាយ២យោធា និងបានប្រើប្រាស់ឈ្មោះស្ថាប័នកំពូលរបស់ជាតិ កាប់រានទន្ទ្រានដីព្រៃអភិរក្សបរិស្ថានទំហំជិត៤០ហិកតានៅចំណុចភូមិដំណាក់កន្សែង ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ 

ការឃាត់ខ្លួនជនល្មើសខាងលើ ដឹកនាំដោយលោក អ៊ុង រដ្ឋា អភិបាលរងស្រុកវាលវែង សហការជាមួយមន្ត្រីជំនាញ និងកម្លាំងប្រដាប់អាវុធ ដោយមានការចង្អុលបង្ហាញពីលោក 

 ហេង សុភាណា អភិបាលនៃគណៈអភិបាល ស្រុកវាលវែង ឲ្យអនុវត្តតាមបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ពាក់ព័ន្ធនឹងបទល្មើសការកាប់រុករានទន្ទ្រានដីរដ្ឋយកធ្វើកម្មសិទ្ធិ។

លោក អ៊ុង រដ្ឋា បានប្រាប់ឲ្យដឹងថា ៖ កន្លងមកអាជ្ញាធរមូលដ្ឋានបានធ្វើការចុះទៅហាមឃាត់មិនឲ្យកាប់ឆ្ការទន្ទ្រានយកដីរដ្ឋនៅចំណុចខាងលើដែរ ប៉ុន្តែលោក សុខ ចម្រើន បានអួតអាងថាខ្លួនជាផ្កាយ២ក្រុមអង្គរក្ស និងហ៊ានប្រមាថកាតទានដល់មន្ត្រីមូលដ្ឋានដោយគ្មានរអែងច្បាប់ឡើយ។

អភិបាលរងរូបនេះបន្ថែមថា ៖ ដោយមានបញ្ជាពីលោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់ និងលោក  កូយ កាន់យ៉ា ព្រះរាជអាជ្ញាខេត្ត ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការយោធា តាមនីតិវិធី ។ 

សូមជម្រាបថា៖ ករណីលោកផ្កាយ២នេះ មិនដឹងថា គាត់មានក្របខណ្ឌយោធាពិតប្រាកដ ឬក្លែងក្លាយទេ ខណៈកម្លាំងចម្រុះមិនទាន់បញ្ជាក់ ប៉ុន្តែការកសាងសំណុំរឿងទៅកាន់អយ្យការយោធា មានន័យថាជនេះ មានក្របខណ្ឌ តែប្រព្រឹត្តបទល្មើសរុករានទន្ទ្រានរំលោភយកដីរដ្ឋ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖