ខេត្តព្រះវិហារ៖ កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារសមាគម អាជ្ញាធរដែនដី ចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ជូនគ្រួសារសព អតីតយុទ្ធជនចំនួនពីរគ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន ថវិកា៤លានរៀល។ គ្រួសារអតីតយុទ្ធជនទី១ មានឈ្មោះ ពៅ សានី ភេទប្រុស អាយុ៤៧ឆ្នាំ ជានិវត្តជន នៅភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ គ្រួសារទី២ មានឈ្មោះ យិន ផន ភេទប្រុស អាយុ៨៣ឆ្នាំ គ្រួសារពលី នៅភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។
ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានសម្តែងការចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសពដែលបានបាត់បង់មនុស្សជាទីស្រលាញ់ពីគ្រួសារ និងបានលើកឡើងអំពីស្នាដៃ និងគុណបំណាច់របស់អតីតយុទ្ធជន ដែលបានធ្វើពលីកម្មក្នុងបុព្វហេតុ ស្វែងរកសុខសន្តិភាព ការឯកភាពជាតិ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ជូនថា ៖ ការប្រគល់ថវិកាបេឡាមរណៈសង្គ្រោះគឺអនុវត្តតាមគោលការណ៍របស់សមាគម ដែលនេះជាថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការរួមចំណែកបង់វិភាគទានជាប្រចាំរបស់សមាជិកនៃសមាគម។ តាមការកំណត់ ថវិកានេះត្រូវដោះស្រាយបើកជូនដល់គ្រួសារសពជាសមាជិកនៃសមាគមចំនួន ៤,០០០,០០០រៀលស្មើៗគ្នា។
ក្នុងថ្ងៃដដែលនោះ ឧត្តមសេនីយ៍ទោ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក៏បានបន្តដឹកនាំក្រុមការងារចុះសួរសុខទុក្ខ អតីតយុទ្ធជន និងប្រជាពលរដ្ឋចាស់ជរាគ្មានទីពឹង ព្រមទាំងបានជួយឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនពួកគាត់ផងដែរ៕