ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌសែនសុខ បានបន្តចុះបិទយានដ្ឋានជួសជុលរថយន្តដែលគ្មានច្បាប់អនុញ្ញាត

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នេះក្រុមការងាររដ្ឋបាលខណ្ឌសែនសុខសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបន្តចុះបិទយានដ្ឋានជួសជុលរថយន្តដែលគ្មានច្បាប់អនុញ្ញាត បានចំនួន ៨ទីតាំង និងមានច្បាប់២ទីតាំង សរុបបានចំនួន១០ទីតាំងបន្ថែមទៀត ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមរំលឹកថា យានដ្ឋានកែច្នៃ និងជួសជុលរថយន្ត កាត់ត ដោយខុសច្បាប់មានចំនួនជាង ៤០ទីតាំងស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានបិទអាជីវកម្ម ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយហានិភ័យ គ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។
សូមបញ្ជាក់ថា យានដ្ឋានកែច្នៃ និងជួសជុលថយន្តខុសច្បាប់ចំនួនជាង ៤០ទីតាំង ក្នុងចំណោមយានដ្ឋានសរុបចំនួន១១០ទីតាំង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានមន្ទីរសារធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌសែនសុខ ចុះធ្វើការបិទអាជីវកម្ម។
ការចុះបិទអាជីវកម្មនេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំពីលោកស្រី បុប្ផា ផានី អនុប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោមការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។
ការចុះបិទអាជីវកម្មនេះ បើតាមការឱ្យដឹងពីលោកស្រី បុប្ផា ផានី អនុប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបញ្ជាក់ថា៖ យោងតាមអនុសាសន៍ណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងយោងតាមលិខិតលេខ ០៥៨ ចុះថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៩ របស់គណៈកម្មធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញលិខិតលេខ៥១៥ ចុះថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ ដើម្បីធ្វើការណែនាំគ្រប់រាជធានី-ខេត្ត ចុះត្រួតពិនិត្យ និងបិទទីតាំងយានដ្ឋានកែច្នៃ យានដ្ឋានដែលគ្មានច្បាប់អនុញ្ញាត នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ-ខេត្តរបស់ខ្លួនឱ្យបានទាំងស្រុង ។ ដោយយោងទៅតាមការណែនាំនេះ និងស្របតាមអនុសាសន៍ណែនាំបន្ថែមពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទើបនៅថ្ងៃនេះមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើការចុះបិទអាជីវកម្មទីតាំងយានដ្ឋានកែច្នៃដែលនៅសេសសល់ មិនទាន់មានច្បាប់អនុញ្ញាតឱ្យអស់ទាំងស្រុង ក្នុងនោះយានដ្ឋានស្ថិតក្នុងខណ្ឌសែនសុខ មានយានដ្ឋានសរុបចំនួន ១១០ទីតាំង នឹងត្រូវធ្វើការបិទចំនួនជាង៤០ ដែលជាទីតាំងគ្មានច្បាប់អនុញ្ញាត ។

សូមបញ្ជាក់ថា យានដ្ឋានជួសជុលថយន្តក្នុងរាជធានីភ្នំពេញសរុបមានចំនួន ៩៧១ គ្មានច្បាប់អនុញ្ញាតចំនួន៣៩០ ទីតាំង យានដ្ឋានកែច្នៃរថយន្តចំនួន ២៤ទីតាំង គ្មានច្បាប់អនុញ្ញាតចំនួន ២២ ទីតាំង ក្នុងនោះយានដ្ឋានស្ថិតក្នុងខណ្ឌសែនសុខមាន ១១០ ទីតាំង និងគ្មានច្បាប់អនុញ្ញាតជាង៤០ទីតាំង។
សូមរំឭកថា៖ ជនល្មើសតែងយកទីតាំងបែបនេះ ជាកន្លែងកាត់ត រថយន្ត មកប្តូរពណ៍រថយន្តចោរកម្ម នេះជាដើម៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖