ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសូត្រមន្តប្រោះព្រំ “អាស្រមមរតកចក្រី” ដែលស្ថិតនៅលើទឹកដីកំណើតរបស់សម្តេចផ្ទាល់ ក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្នុងពិធីនេះដែរក៏មានព្រះវត្តមាន និងវត្តមាន ដ៏អធិកអធម អញ្ជើញចូលរួមពីសំណាក់នយោបាយជាន់ខ្ពស់កម្ពុជា រួមមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកស្រី, សម្តេចក្រឡាហោម ស ខេង និងលោកស្រី លោក លោកស្រី ជាសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា, លោក លោកស្រី ជាសមាជិករាជរដ្ឋាភិបាល, មន្រ្តីជាន់ខ្ពស់ក្រសួងស្ថាប័ន, ថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងកងកម្លាំង, ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន, ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
សម្តេចបានកោតសរសើរចំពោះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ហេង ពៅ ដែលបានផ្តួចផ្តើមគំនិត កសាងអាស្រមនេះឡើង។
សម្តេចមានប្រសាសន៍ថា អាស្រមនេះ នឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីមួយទៀត បង្ហាញពីមុខងារដ៏សំខាន់ក្នុងការរួមចំណែកកសាងសង្គមជាតិ ទាំងលើផ្នែកពុទ្ធចក្រ និងអាណាចក្រ ជាពិសេសបន្តចាក់គ្រឹះជានិមិត្តរូប នៃមរតកប្រវត្តិសាស្រ្តយូអង្វែង សម្រាប់មនុស្សជំនាន់ក្រោយ។
នៅក្នុងឱកាសនេះដែរ សម្ដេចអគ្គមហាពញាចក្រី និងសម្ដេចធម្មវិសុទ្ធវង្សា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងលោកស្រី ញ៉ែម សាខន ស ខេង ព្រមទាំងសម្ដេច លោក លោកស្រី ជាឥស្សរៈជនថ្នាក់ដឹកនាំជាតិបានបន្តអញ្ជើញចូលរួមពិធីលែងកូនត្រីចម្រុះចូលទៅក្នុងស្រះនៃ អាស្រម មរតក ចក្រី ជាកិច្ចបង្ហើយបុណ្យ៕
ដោយ៖ សិលា