ខេត្តមណ្ឌលគិរី៖ គំនរឈេីដែលក្រុមឈ្មួញយកមកលាក់ទុកដោយខុសច្បាប់ជិត២០០ដុំនៅក្បែរក្រុមហ៊ុនអានជីងត្រូវបានកម្លាំងសមត្ថកិច្ចស្រុកកែវសីមា បង្ក្រាបហើយប្រមូលដឹកជញ្ជូនយកទៅរក្សាទុក។
ការបង្ក្រាបឈើលាក់ទុកដោយខុសច្បាប់នោះសមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០ស្ថិតនៅក្នុងភូមិព្រះឃុំស្រែឈូក ស្រុកកែវសីមាខេត្តមណ្ឌលគិរី។
ប្រតិបត្តិការខាងលេីដឹកនាំកម្លាំងចុះបង្ក្រាបដោយ លោក យិន សុខឡេង រួមមានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែឈូក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកកែវសីមា ។
ប្រភពបានឱ្យដឹងថា បទល្មើសព្រៃឈើនោះជាប្រភេទកូនក្រឡឹង សុក្រំ និងផ្ចឹកចំនួនសរុប១៨០ដុំ ដែលឈ្មួញយកមកលាក់ទុកនៅចំណុចជិតបារាសក្រុមហ៊ុនអានជីង (ភ្នំគូស) ប្រមាណ៣០ម៉ែត្រស្ថិតក្នុងភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា។
ក្រោយពីបង្ក្រាបបានឈើទាំងអស់នោះហើយត្រូវបានមន្រ្តីជំនាញយកមករក្សាទុកនៅឯស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា។
នៅយប់ថ្ងៃដដែលនោះក៏មានការដឹកជញ្ជូនឈើតាមម៉ូតូយ៉ាងគំហុកផងដែរដែលមានក្រុមឈ្មួញល្បីល្បាញមានឈ្មោះបោះសំឡេងក្នុងតំបន់ទីរួមស្រុកកែវសីមានោះ។
ការដឹកជញ្ជូនឈើតាមម៉ូតូនោះគឺក្រុមឈ្មួញបានជួលឱ្យដឹកចេញពីទីរួមស្រុកកែវសីមាឆ្ពោះទៅប្រទេសវៀតណាមតាមច្រកង៉ាំយូលិត.ងាំតាលេងក្នុងភូមិអូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី។
ក្រុមម៉ូតូនោះដឹកជញ្ជូនឈើឆ្លងកាត់មុខស្នាក់ការផ្នែករដ្ឋបាលព្រៃឈើកែវសីមានិងមូលដ្ឋានកងទ័ពគ០៣ចំណុះវរៈ២ទៀតផង ។
ម៉ូតូដឹកក្នុងមួយយប់មានមិនក្រោមពី៨០ទៅ១០០គ្រឿងឡើយ ហើយសមត្ថកិច្ចនៅទីនោះមិនខ្ចីបង្ក្រាបទេទំនងជាត្រូវថ្នាំសណ្តំអស់ហើយមើលទៅនោះ៕ ដោយ៖ ជីវ័ន្ត