ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សសាធារណរដ្ឋជ្រើសរើសលោកត្រាំជាបេក្ខភាពប្រធានាធិបតីអាណត្តិទី​២ជាផ្លូវការ

ចែករំលែក៖

អន្តរជាតិ៖ ប្រធានាធិបតី ដូណាល់ ត្រាំ ទទួលបានការជ្រើសរើសជាថ្មីពីគណបក្សសាធារណរដ្ឋ សម្រាប់បេក្ខភាពប្រធានាធិបតីនៃការបោះឆ្នោតនៅថ្ងៃទី​៣ ខែវិច្ឆិកាខាងមុខនេះ តទល់ជាមួយបេក្ខភាពប្រជាធិបតេយ្យគឺលោកចូ បៃឌិន។
សារព័ត៌មានរ៉យទ័រ​នៅថ្ងៃទី​២៤ ខែសីហា បានផ្សាយថា ប្រធានាធិបតី ​ដូណាល់ ត្រាំទទួលបានការជ្រើសរើសជាថ្មីសម្រាប់តំណាងគណបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតប្រធានាធិបតីនាឆ្នាំ​២០២០ ។
ក្នុងពេលនៃការឆ្លងរាលដាលកូវីដ​១៩​កាន់តែខ្លាំងនៅអាមេរិក គណបក្សសាធារណរដ្ឋនៅតែរៀបចំមហាសន្និបាតបក្សជាទ្រង់ទ្រាយធំនៅ​ថ្ងៃទី​២៤ ខែសីហា​(ពេលវេលានៅអាមេរិក) ក្នុងទីក្រុង Charlotte រដ្ឋ North Carolina ដើម្បីសម្រេចជ្រើសរើសបេក្ខភាព​ប្រធានាធិបតី​ក្នុងការបោះឆ្នោតខាងមុខ ។ លោកត្រាំទទួលបានការគាំទ្រ​ពីសមាជិកបក្សដល់ទៅ​១២៧៦សំឡេង​ ក្លាយជាបេក្ខភាពពេញសិទ្ធិ ក្នុងការបោះឆ្នោតខាងមុខ។
មានប្រសាសន៍នៅក្នុងមហាសន្និបាតបក្ស លោកត្រាំបានលើកឡើងពីសមិទ្ធផលដែលទទួលបានគឺសេដ្ឋកិច្ចជាតិ​ ការងារធ្វើដល់ពលរដ្ឋ ។ មិនតែប៉ុណ្ណោះ​លោកត្រាំ បានលើកឡើងថា គណបក្សប្រជាធិបតេយ្យកំពុងព្យាយាមលួចសន្លឹកឆ្នោត តាមរយៈការបោះឆ្នោតតាមប្រៃសណីយ៍។ ចំណែកលោក Mike Pence ទទួលបានការគាំទ្រឲ្យធ្វើជាអនុប្រធានាធិបតីជាបន្តទៀត​។
កន្លងមក កាលពីថ្ងៃទី​១៩ខែសីហា​ អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ទទួលបានការគាំទ្រពីគណបក្សប្រជាធិបតេយ្យ​ជ្រើសរើសជាបេក្ខភាពពេញសិទ្ធិ សម្រាប់ការបោះឆ្នោត ប្រជែងជាមួយប្រធានាធិបតី​ដូណាល់ត្រាំ ។ ចំណែកបេក្ខភាពអនុប្រធានាធិបតីគឺលោក​ស្រី Kamala Harris សមាជិក​ព្រឹទ្ធសភា៕ដោយ៖ធី រីណា


ចែករំលែក៖