ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលីសបារាំង ​ឃាត់ខ្លួន​ជនបង្ក​ចលាចល និង​ដុតបំផ្លាញ​រថយន្ត​ក្នុង​ក្រុងប៉ារីសប្រមាណ​ជិត​១៥០​នាក់ ក្នុងចំណោម​អ្នកគាំទ្រ​របស់ក្រុម PSG រាប់ពាន់នាក់​

ចែករំលែក៖

អន្តរជាតិ៖ ដោយសារតែ​​ខឹងសម្បារក្រោយក្រុមបាល់ទាត់ Paris St-Germain ចាញ់ក្រុម Bayern Munich ដោយលទ្ធផល ក្នុងការប្រកួតផ្តាច់ព្រ័ត្រ Champions League វគ្គផ្តាច់ព្រ័ត្រនោះ បានធ្វើឲ្យអ្នកគាំទ្ររបស់ PSG រាប់ពាន់នាក់នាំគ្នាបង្កចលាចល និងដុតបំផ្លាញរថយន្តក្នុងក្រុងប៉ារីស ទើបក្រុមប៉ូលីសបារាំង សម្រេចឃាត់ខ្លួនអ្នកគាំទ្រចំនួន ១៤៨ នាក់ ដែលជាជនបង្កហេតុ

សូមជម្រាបថា នៅរាត្រីថ្ងៃទី២៣ សីហាថ្មីៗនេះ ក្រុមអ្នកគាំទ្រក្លិប PSG រាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅលើផ្លូវ Champs-Elysees និងនៅជុំវិញពហុកីឡដ្ឋាន Parc des Princes ដើម្បីទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រChampions League រដូវកាល ២០១៩២០ តាមរយៈផ្ទាំងសំពត់សធំមួយ ហើយនេះជាការបង្ហាញខ្លួនវគ្គផ្តាច់ព្រ័ត្រលើកដំបូងរបស់ក្លិបយក្សបារាំង ខណៈក្រុមដាក់ក្តីរំពឹងខ្ពស់ក្នុងការដណ្តើមយកពាននេះ

យ៉ាងណាក៏ដោយ អ្វីៗត្រូវបានរលាយសាបសូន្យ ដោយសារថ្វីជើងកីឡាករសញ្ជាតិបារាំង Kingsley Coman ដែលប្រើក្បាលអុកបាល់បញ្ចូលទីនៅនាទី៥៩ ពីការបញ្ជូនរបស់ Joshua Kimmich ដើម្បីជួយក្រុម Bayern Munich យកឈ្នះ PSG លទ្ធផលនេះបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកគាំទ្រ PSG រំជួលចិត្តខ្លាំង នៅពេលក្រុមរបស់ពួកគេទទួលបានត្រឹមខកចិត្តសម្រាប់ការបំបែកកំណត់ត្រាប្រវត្តិសាស្ត្រក្លិបក្នុងក្របខណ្ឌពានកំពូលអឺរ៉ុបរហូតបានបង្កភាពរញ៉េរញ៉ៃ និងហិង្សានៅលើដងផ្លូវភ្លាមៗ​​ក្នុងរដ្ឋធានីរបស់បារាំង ក្រោយចប់ការប្រកួតតែម្តង

បើតាមសម្តីប៉ូលីសក្រុងប៉ារីស បាននិយាយថា ក្រុមអ្នកគាំទ្រទាំងនោះមិនត្រឹមតែប្រើហិង្សានោះទេ ថែមទាំងដុតកម្ទេចរថយន្តជាច្រើនគ្រឿង គប់បំពង់ផ្សែង និងបំផ្លាញទ្រព្យសម្បត្តិសារធារណៈជាច្រើននៅលើផ្លូវChamps-Elysees នោះ មិនតែប៉ុណ្ណោះ អ្នកគាំទ្រខ្លះបានឆ្លៀតឱកាសបំបែកកញ្ចក់ហាងទំនិញ ដើម្បីចូលយកវ៉ាន់ទៀតផងទើបប៉ូលីសបានសម្រេចចាប់ខ្លួនជនបង្កប្រមាណជិត១៥០នាក់ក្នុងចំណោមអ្នកគាំទ្ររបស់ PSG រាប់ពាន់នាក់តែម្តង

គួបញ្ជាក់ថា ក្រោមការវិនិយោគរបស់មហាសេដ្ឋីកាតា PSG អាចឈានដល់វគ្គផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុបជាលើកដំបូងចាប់តាំងពីបង្កើតក្លិបក្នុងឆ្នាំ១៩៧០មក ប៉ុន្តែមិនអាចសម្រេចក្តីសុបិននេះឡើយ ដោយទទួលបានត្រឹមរងជើងឯកប៉ុណ្ណោះ ដោយឡែក Bayern Munich វិញតាមរយៈជ័យជម្នះនេះបាននាំពួកគេក្លាយជាម្ចាស់ពាន Champions League លើកទី ក្នុងប្រវត្តិសាស្ត្រក្លិបផងដែរ ៕ដោយ៖ស តារា


ចែករំលែក៖