ព័ត៌មានទាន់ហេតុការណ៍៖

តុលាការខេត្តកំពង់ស្ពឺពុំទាន់សម្រេចទេ ករណីប៉ូលិសស្រុកសំរោងទង៧នាក់ បាញ់បោះសេរី នៅខណៈលេចឮព័ត៌មាន ថា មានផ្កាយ៣ម្នាក់ចេញមុខកាងពេញទំហឹង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កាលពីវេលាថ្ងៃត្រង់ទី២២ ខែសីហា ឆ្នាំ២០២០កន្លងទៅ លោកវរសេនីយ៍ទោ កង ភារី អធិការរងទទួលការងារសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង និង កូនចៅ៦នាក់ ត្រូវបានបញ្ជូនទៅដល់តុលាការខេត្តកំពង់ស្ពឺហើយដើម្បីចាត់ការតាមច្បាប់ករណីពេលផឹកស៊ីស្រវឹងបែរជានាំគ្នាបាញ់បោះសេរីយ៉ាងអនាធិបតេយ្យ នៅក្នុងបរិវេណសាលាស្រុកសំរោងទង ដែលនាំឱ្យមជ្ឈដ្ឋានជាច្រើនធ្វើការរិះគន់យ៉ាងខ្លាំងក្លា ។

តាមប្រភពព័ត៌មានច្បាស់ការណ៍បានបង្ហើបប្រាប់ថា រហូតមកដល់រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ តុលាការខេត្តកំពង់ស្ពឺពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ខណៈឮថាមានលោកផ្កាយ៣ម្នាក់កំពុងចេញមុខកាងយ៉ាងពេញទំហឹង ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង៧នាក់ នោះមាន៖ ឈ្មោះ កង ភារី ម្ចាស់កាំភ្លើង ឡុក , ឈ្មោះ កាន់ សៅលី ម្ចាស់កាំភ្លើង ឡុក , ឈ្មោះ ដន សុខុម អ្នកបាញ់ , ឈ្មោះ ម៉ាន់ ប៉ុណ្ណារ៉ា អ្នកបាញ់ , ឈ្មោះ ម៉ាន់ ប៊ុនណ្ណារែក អ្នកបាញ់ , ឈ្មោះ នី សុភក្ត្រ អ្នកបាញ់ និង ឈ្មោះ ព្រីង ឡង់ឌី អ្នកបាញ់ ។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០កន្លងមក
ថ្មីៗនេះ បញ្ជាក់ថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩ លោក កង ភារី បានយកកាំភ្លើងខ្លីរបស់ខ្លួនមួយដើមម៉ាក Lock ធ្វើសកម្មភាពឈរបាញ់បោះសេរីចំនួន៣គ្រាប់ នៅក្នុងបរិវេណសាលាស្រុកសំរោងទង ពីខាងត្បូងចំណុចមាត់ស្រះទឹក ។
លុះដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨ៈ៣០នាទី លោក កង ភារី បាននាំកូនចៅផឹកស៊ីស្រវឹង អួតអាង ហើយបានយកកាំភ្លើងមកឈរបាញ់បោះ បន្ថែមទៀត ។

ប្រជាពលរដ្ឋបានរិះគន់បញ្ហានេះថា ខ្លួនជាសមត្ថកិច្ចគប្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋ មិនគួរណាផឹកស៊ីស្រវឹង អាងបាញ់បោះសេរីបែបនេះសោះ ។ ទន្ទឹមនេះ ប្រជាពលរដ្ឋក៏បានគាំទ្រចំណាត់ការរបស់ថ្នាក់លើផងដែរ ដែលបានចាត់វិធានការភ្លាមៗចំពោះលោក កង ភារី ៕ដោយ ៖ ចេស្តា


ចែករំលែក៖