ព័ត៌មានទាន់ហេតុការណ៍៖

ខេមរៈ សិរីមន្តក៏ត្រូវបានគេសង្ស័យថាត្រៀមចាកចេញពីផលិតកម្មហង្សមាសដែរ

ចែករំលែក៖

     ភ្នំពេញ៖ ទើបនឹងមានការភ្ញាក់ផ្អើលអំពីការចាកចេញពីផលិតកម្មហង្សមាសរបស់តារាចម្រៀងព្រាប សុវត្ថិ មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែគេលេចចេញដំណឹងរសើបថ្មីមួយទៀតថា តារាចម្រៀង លេចធ្លោរលោក ខេមរៈ សិរីមន្តក៏ត្រូវបានគេសង្ស័យថាត្រៀមរើបង្វិចពីផលិតកម្មហង្សមាស ទៅកាន់ផលិតកម្មGalaxy Navatra បន្តផងដែរ។

ការបង្ហើបនេះក្រោយពេលដែលភាពស្និទ្ធស្នាលរបស់តារាចម្រៀង ខេមរៈ សិរីមន្ត និងលោកថៅកែផលិតកម្មងារជាឧកញ៉ាវ័យក្មេងនោះ កាន់តែស្និទ្ធស្នាល និងក្រោយពីមនុស្សជំនិតរបស់លោកឧកញ៉ាបានទម្លាយរូបថតជួបជុំគ្នា និងតំរុយមួយចំនួនដែលធ្វើឲ្យគេសង្ស័យកាន់ខ្លាំងថា តារាចម្រៀងរូបនេះអាចនឹងឈានជើងចូលច្រៀងបន្ទាប់ពីលោកព្រាប សុវត្ថិ។ អ្នកនិពន្ធល្បីឈ្មោះប្រចាំផលិតកម្មGalaxy Navatraលោក យឹម តាស្រង់ បានលើកឡើងថា “ការងារសិល្បៈជាមួយគ្នាត្រូវចេះគោរពស្រឡាញ់និងឲ្យតម្លៃគ្នាទៅវិញទៅមក  ព្រោះវិលចុះវិលឡើងតែងតែជួបគ្នាហើយកុំមើលស្រាលនរណាម្នាក់ថាគេក្មេងជាង ខ្ចីជាង ឬយកគេជាសត្រូវមើលស្រាលគេមិនដល់ខ្លួន ឬមើលស្រាលមិនឲ្យតម្លៃបុគ្គលិកខ្លួនឯងអាងតែខ្លួនឯងជាម្ចាស់ ផ្លូវនៅមានដើរបន្តទៀតវែងឆ្ងាយនៅពេលខាងមុខទៀត”។ សារនេះចង់បញ្ជាក់ថាមិនអាចវាយតម្លៃលើបុគ្គលក្មេងវ័យឬ ជាផលិតកម្មថ្មីថាមិនអាចមានលទ្ធភាពនោះឡើយក្នុងការបង្កើតស្នាដៃថ្មីមានគុណភាពប្រកួតប្រជែងបាននោះឡើយ។ ការឆក់យកតារាចម្រៀងព្រាប សុវត្ថិ ពីផលិតកម្មលំដាប់ជួរមុខនិងធ្លាប់ជ្រកក្រោមដំបូលផលិតកម្មហង្សមាសជាង២០ឆ្នាំនេះបញ្ជាក់ពីឥទ្ធិពល នៃផលិតកម្មថ្មីមួយនេះ ស្របពេលដែលតារាចម្រៀង ព្រាប សុវត្ថិក៏មិនមែនមិនសំឡឹងមើលទីផ្សារវែងឆ្ងាយនោះទេដែលអាចហក់ចូលផលិតកម្មមួយនេះគឺក្រោយពីលោកដាក់ក្តីរំពឹងខ្ពស់ថានឹងអាចឈានជើងកាន់តែខ្ពស់ទៅកាន់ទីផ្សារក្នុងនិងក្រៅប្រទេស។

ប្រសិនបើផលិតកម្មថ្មីនេះអាចឆក់ បានតារាចម្រៀង មាស សុខសោភា បានម្នាក់ទៀតនោះ មិនយូរទេGalaxy Navatra នឹងក្លាយជាផលិតកម្មឈានមុខមួយនៅកម្ពុជា ខណៈដែលផលិតិកម្មនេះត្រូវបានគេសង្ស័យមានគម្រោងក្នុងការបង្កើតស្ថាននីយទូរទស្សន៍ផ្ទាល់ខ្លួនផងដែរ៕ ដោយ៖ វឌ្ឍនា


ចែករំលែក៖