ព័ត៌មានទាន់ហេតុការណ៍៖

មានភ្លើងឆេះព្រៃដល់ទៅ​៧ពាន់កន្លែង​ឆេះខ្ទេចព្រៃឈើជាង​៦សែនហិកតា​នៅកាលីហ្វ័រនីញ៉ា

ចែករំលែក៖

ចាប់តាំងពីដើមឆ្នាំ​២០២០​មកទល់ពេលនេះ មានភ្លើងឆេះព្រៃដល់ទៅ​៧០១២កន្លែងនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ដោយបំផ្លាញព្រៃឈើជាង​៦សែនហិកតា​។ ភ្លើងឆេះព្រៃមានការកើតឡើង​ខ្ពស់ជាងកាលពីឆ្នាំ​២០១៩ ដែលមានភ្លើងឆេះព្រៃតែ ជាង​៤ពាន់កន្លែង បំផ្លាញព្រៃឈើតែជាង​២២ពាន់ហិកតាប៉ុណ្ណោះ​។
អភិបាលរដ្ឋកាលីហ្វ័រនីញ៉ាលោក Gavin Newsom បានឲ្យដឹងថា ក្នុងរយៈពេល​១សប្តាហ៍កន្លងមក មានក្រុមពន្លត់អគ្គិភ័យ​ដល់ទៅ១៤ពាន់នាក់ និងសម្ភារពន្លត់អគ្គិភ័យដល់ទៅ​២៤០០ប្រភេទក្នុងនោះមានរថយន្តភាគច្រើន បានខិតខំពន្លត់ភ្លើងឆេះព្រៃ​៦២៥កន្លែង​​ក្នុងរដ្ឋ​កាលីហ្វ័រនីញ៉ា។ ​ភ្លើងបានឆេះកម្ទេចព្រៃឈើ មានទំហំធំជាងទីក្រុង Los Angeles ដល់ទៅ៣ដង​។
តាមតួលេខរបស់ស្ថាប័នគ្រប់គ្រងព្រៃឈើកាលីហ្វ័រនីញ៉ា បានឲ្យដឹងថា មានភ្លើងឆេះព្រៃ​ដល់ទៅ​១៣ពាន់កន្លែង បង្កឡើងដោយសារតែ​រន្ទះបាញ់នៅតំបន់ភាគខាងជើង​និងភាគកណ្តាលនៃ​រដ្ឋកាលីហ្វ័រនីញ៉ា​ តាំងពីថ្ងៃទី​១៥ខែសីហា មកទល់ពេលនេះ​បានសម្លាប់មនុស្ស​​៧នាក់​និងបំផ្លាញផ្ទះសម្បែង​១២០០ខ្នង និងគំរាមកំហែងដល់ផ្ទះសម្បែង ការដ្ឋាន ជាង​១០០​ពាន់កន្លែងផ្សេងទៀត។
ភ្លើងឆាបឆេះនៅក្នុងតំបន់ភាគខាងជើង​ទីក្រុង San Francisco មានទ្រង់ទ្រាយធំបំផុត ដោយបំផ្លាញព្រៃឈើដល់ទៅ១៤១.៦៣៩ហិកតា គិតដល់ថ្ងៃទី​២៤ខែសីហា​ និងបំផ្លាញផ្ទះអស់៨៧១ខ្នង​។ នៅពេលនេះដែរ រដ្ឋកាលីហ្វ័រនីញ៉ានៅតែបន្តរក្សាការប្រកាសអាសន្នពីភ្លើងឆេះព្រៃ ​៕ដោយ៖ធី រីណា


ចែករំលែក៖