ខ្សែប្រយុទ្ធ Luis Suarez របស់ក្លិប Barcelona កំពុងតែស្ថិតក្នុងដំណើរចាកចេញពីក្លិបបន្ទាប់ពីស្ថានីយ៍វិទ្យុក្នុងស្រុកឈ្មោះ RAC1 បានរាយការណ៍ថា គ្រូបង្វឹកថ្មីលោក Ronald Koeman បានប្រាប់កីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះថា រូបលោកមិនចង់បន្តកុងត្រាសម្រាប់រដូវកាលខាងមុខនេះទេ។
ស្ថានីយ៍វិទ្យុដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងក្លិបយក្សអេស្ប៉ាញBarcelona បានរាយការណ៍បន្តថា លោក Koeman បានទូរស័ព្ទទៅ Suarez កាលពីថ្ងៃចន្ទនេះ ហើយបានផ្តល់ឱ្យគាត់នូវព័ត៌មាននៅក្នុងការសន្ទនារយៈពេលខ្លីមួយ។
វិទ្យុក្នុងស្រុក RAC1 បានធ្លាយព័ត៌មាននេះត្រឹមតែ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីLuis Suarez បាននិយាយទៅកាន់កាសែតអេស្ប៉ាញ El Pais ថា “គ្មាននរណាម្នាក់បានពិភាក្សាពីអនាគតរបស់ខ្ញុំជាមួយក្លិបទេ។ វាជារឿងល្អប្រសិនបើអ្នកទទួលខុសត្រូវនិយាយដោយផ្ទាល់មកខ្ញុំ។ គំនិតរបស់ខ្ញុំនៅថ្ងៃនេះគឺត្រូវបន្ត ប៉ុន្តែប្រសិនបើក្លិបសំរេចថា មិនមានបញ្ហានិយាយទេ អ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានគឺនៅដដែល ប្រសិនបើមិនមានអ្នកជំនួស”។
កិច្ចសន្យារបស់ Luis Suarez នៅទឹកដី Camp Nou នឹងត្រូវផុតកំណត់នៅចុងខែមិថុនា ឆ្នាំ២០២១ ហើយមេធាវីរបស់កីឡាករវ័យ៣៣ឆ្នាំរូបនេះនឹងនិយាយទៅកាន់ក្លិបដើម្បីព្យាយាមលុបចោលកិច្ចព្រមព្រៀងនោះដែលអនុញ្ញាតឱ្យគាត់ក្លាយជាភ្នាក់ងារឥតគិតថ្លៃ។
សូមរំលឹកថា ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ Luis Suarez បានមកដល់ក្លិប Barcelona កាលពីឆ្នាំ២០១៤ ពីក្លិបហង្សក្រហម ហើយចាប់តាំងពីពេលនោះមកគាត់បានស៊ុតបញ្ចូលទីបាន១៩៨គ្រាប់និងជួយបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន១០៩ដង ក្នុងចំណោម២៨៣ប្រកួត ក្លាយជាកីឡាករដែលរកបានពិន្ទុខ្ពស់ជាងគេទី៣ក្នុងប្រវត្តិសាស្ត្រក្លិបBarcelona ៕
ដោយ៖ភារៈ