ក្លិប Rennes បានបញ្ជាក់ថា មានកីឡាករ៣នាក់ទៀតបានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩។ ក្លិបនៅលីគកំពូលបារាំង Ligue 1 មួយនេះបានកត់ត្រាពីករណីឆ្លងជំងឺនេះកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន និងបានធ្វើតេស្តរកឃើញបន្ថែមទៀតកាលពីថ្ងៃអង្គារម្សិលមុិញ។
កីឡាករទាំង៣នាក់ដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ត្រូវបានផ្តាច់ខ្លួនដាក់នៅដាច់ដោយឡែកពីគេ និងមានគ្រូពេទ្យជំនាញកំពុងបន្តតាមដាន។
ដើម្បីជាការប្រុងប្រយ័ត្នជាមុន ក្លិប Rennes បាននិយាយថា ពួកគេនឹងចែកចេញជាក្រុមបណ្តុះបណ្តាលតូចៗរហូតដល់មានការជូនដំណឹងបន្ថែមហើយនឹងមិនអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយចូលរួមពីការជូនដំណឹងណាមួយឡើយ ព្រោះជាការហាមឃាត់បទបញ្ជាផ្ទៃក្នុងរបស់ក្លិបនៅបារាំង និងចៀសវាងការអះអាងខុសពីការប្រកាសរបស់ក្លិប និងមន្ត្រីសុខាភិបាលជំនាញ។
សូមបញ្ជាក់ថា លីគកំពូល Ligue 1 របស់បារាំងបានចាប់ផ្តើមការប្រកួតសម្រាប់រដូវកាលថ្មី២០២០-២០២១ហើយកាលពីសប្តាហ៍មុន ហើយក្រុមRennes នឹងត្រូវប៉ះក្រុម Montpellier នៅថ្ងៃសៅរ៍ក្នុងការប្រកួតសប្តាហ៍ទី២ ក្រោយពីពួកគេបានស្មើ ១-១ ជាមួយក្រុម Lille ក្នុងការប្រកួតបើកឆាករបស់ពួកគេកាលពីចុងសប្តាហ៍មុន ៕ដោយ៖ភារៈ