ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់យកទូរស័ព្ទជិះម៉ូតូដេញតាម​ត្រូវបក្ខពួកចោរជិះម៉ូតូធាក់ឱ្យដួលរងរបួសធ្ងន់​

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់កំពុងបើកម៉ូតូតាមដងផ្លូវត្រូវបានជនសង្ស័យមួយក្រុមជិះម៉ូតូមកឆក់យកទូរស័ព្ទបានសម្រេចរួចក៏ជិះម៉ូតូរត់គេចខ្លួន ហើយជនរងគ្រោះបានបើកម៉ូតូដេញតាមពីក្រោយត្រូវបក្ខពួកជនសង្ស័យជិះម៉ូតូមកធាក់បណ្ដាលឲ្យដួលម៉ូតូរងរបួសបែកមុខបែកមាត់ ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ២៧១ ចំណុចមុខផ្សារស្ទឹងមានជ័យចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ដុក មករា អាយុ៣០ឆ្នាំ មុខរបរធ្វើជាងជួសជុលរថយន្ត ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BB-5980ចេញពីធ្វើការនៅម្ដុំវត្តសំរោងអណ្ដែត ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ខណៈមកដល់ចំណុចស្តុបណូគា ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាក iphone 6 plusរបស់គាត់ ខណៈដែលរូបគាត់កំពុងតែនិយាយ បានសម្រេចរួចនាំគ្នាជិះម៉ូតូគេចខ្លួន ភ្លាមៗនោះគាត់បានជិះម៉ូតូដេញតាមពីក្រោយរហូតមកដល់ចំណុចមុខផ្សារស្ទឹងមានជ័យចាស់ ស្រាប់តែមានបក្សពួកជនសង្ស័យជិះម៉ូតូមកពីក្រោយធាក់ម៉ូតូគាត់បណ្តាលឲ្យដួលអូសទៅនឹងថ្នល់រងរបួសបែកមុខបែកមាត់ និងដៃជើងចំណែកជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ទៅ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកសួរនាំនឹងមានសាច់ញាតិជនរងគ្រោះចុះមកដល់កន្លែងកើតហេតុរួចក៏បានយកម៉ូតូដឹកជនរងគ្រោះទៅព្យាបាលរបួសដោយខ្លួនឯង ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ៕ ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖