ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតាក់ស៊ី ដឹកភ្ញៀវបត់ត្រឡប់ក្រោយ ត្រូវរថយន្តមួយគ្រឿងទៀតបើកដោយជនជាតិចិន មកបុកពេញទំហឹង បណ្តាលឲ្យផ្លោងទៅបោកផ្ទប់នឹងក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់២កំណាត់ ហើយរថយន្តក្រឡាប់ផ្ងារជើង រងរបួសធ្ងន់ស្រាលមនុស្ស២នាក់ ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៣និង៣៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តរត់តាក់ស៊ីមួយគ្រឿងម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-7839 មានដឹកភ្ញៀវ៦នាក់នៅក្នុងរថយន្ត បានធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានទិសដៅចេញពីភ្នំពេញ ។ ខណៈមកដល់ចំណុចកើតហេតុ រថយន្តនេះបានបើកបត់ត្រឡប់ក្រោយ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតា ហាយឡេនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AN-4035 ដែលបើកបរដោយបុរសជនជាតិចិនម្នាក់ មានអ្នករួមដំណើរជាមួយម្នាក់ ធ្វើដំណើរមកពីក្រោយយ៉ាងលឿន បានជ្រុលទៅបុករថយន្តតាក់ស៊ីពេញទំហឹង បណ្ដាលឲ្យរថយន្តហាយឡេនឌ័រផ្លោងទៅបោកផ្ទប់នឹងក្បាលនាគពុះចែកទ្រូងផ្លូវធ្វើឲ្យបាក់ចំនួន២កំណាត់ ។ ចំណែករថយន្តបានក្រឡាប់ផ្ងារជើង បណ្តាលឱ្យរងរបួសធ្ងន់ស្រាលមនុស្ស២នាក់ ហើយជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកវាស់វែង យករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ជ្រោយពេជ្រ