ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឥដ្ឋបើកបុករុញម៉ូតូសណ្តោងរុឺម៉កផ្ទប់នឹងរថយន្តកុងតឺន័រ រងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូសណ្តោងរុឺម៉កលក់ខោអាវដឹកប្រពន្ធកូន ខណៈកំពុងធ្វេីដំណេីរស្រាប់តែត្រូវរថយន្តដឹកឥដ្ឋដាច់ហ្វ្រ័ង ជ្រុលទៅបុករុញម៉ូតូសណ្តោងរុឺម៉ក នោះផ្ទប់ទៅនឹងគូទរថយន្តកុងតឺន័រ ដែលកំពុងឈប់រង់ចាំភ្លើងស្តុប កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២៦ ខែសីហា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះ=ឈ្នះ ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុម៉ូតូសណ្តោងរុឺម៉ក ម៉ាកហុងដា វ៉េវអុី ពណ៌ក្រហម គ្មានស្លាកលេខ ដឹកខោអាវដើរលក់ បើកបរដោយឈ្មោះ សួង រិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ខោអាវតាមទីសាធារណៈ ស្នាក់នៅមិនពិតប្រាកដ យប់ដល់ត្រឹមណាសំចតស្នាក់នៅត្រង់នោះ រួមជាមួយប្រពន្ធនិងកូនតូចម្នាក់ មានទីលំនៅក្នុងភូមិសំដី ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានបើកបរតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ ពីជើងទៅត្បូង ពេលមកដល់ចំណុចខាងលើ ក៏បានឈប់ភ្លើងស្តុប តែនៅពីក្រោយរថយន្តកុងតឺន័រ ស្របពេលនោះ ស្រាប់តែរថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-7750 ដឹកឥដ្ឋ បើកបរដោយឈ្មោះស៊ុន វុធ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅឡឥដ្ឋ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បានបើកពីជើងទៅត្បូង ជ្រុលបុករុញម៉ូតូសណ្តោងរុឺម៉កផ្ទប់នឹងគូទរថយន្តកុងតឺន័រ បណ្តាលឲ្យខ្ទេចម៉ូតូ និងរថយន្តដឹកឥដ្ឋ រីឯរថយន្តកុងតឺន័រមិនខូចខាតឡើយ បានបន្តដំណើរទៅបាត់ នៅសល់តែភាគីបង្កនិងភាគីរងគ្រោះ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែងរួចយកមធ្យោបាយទាំង២ទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ ៕ ដោយ ៖ ​សុខាសែនជ័យ​


ចែករំលែក៖