ព័ត៌មានទាន់ហេតុការណ៍៖

ខណៈចិន និង​អាមេរិក កំពុងតែ​ប្រឈមបញ្ហា​ជាច្រើន​ដាក់គ្នា រដ្ឋមន្ត្រីការបរទេសចិន ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ទៅ​អឺរ៉ុប

ចែករំលែក៖

អន្តរជាតិ៖ ស្របពេលចិន និងអាមេរិក កំពុងតែមើលមុខគ្នាមិនចំលើបញ្ហាជាច្រើន នៅថ្ងៃទី២៥ ខែសីហាម្សិលមិញនេះ លោក វ៉ាង យីរដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិនបានចាប់ផ្តើមដំណើរទស្សនកិច្ចទៅអឺរ៉ុបដើម្បីជជែកពីបញ្ហាទ្វេភាគី និងពង្រឹងលើវិស័យការទូតនិងពាណិជ្ជកម្ម រវាងចិន និងបណ្តាប្រទេសអឺរ៉ុប បើទោះយ៉ាងណាក៏ដោយ ចំពោះករណីឆ្លង​COVID-19 បានកើនឡើងសារជាថ្មីនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុបក៏ពិតមែន ប៉ុន្តែវាមិនអាចរារាំងដំណើរទស្សនកិច្ចរបស់លោក វ៉ាងយីបានឡើយ

សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅក្រៅប្រទេស ចាប់តាំងពីមាន​COVID-19 មក លោក វ៉ាង ត្រូវធ្វើដំណើរទៅអ៊ីតាលី ហូឡង់ ន័វែបារាំង និងអាល្លឺម៉ង់ ការទូត និងសេដ្ឋកិច្ច​, ស្ថិរភាពឧស្សាហកម្មសកលក្នុងបរិបទ COVID-19 និងការអំពាវនាវឲ្យប្រកាន់ខ្ជាប់ពហុភាគីនិយម និងបញ្ហាមួយចំនួនទៀត គឺជាប្រធានបទដ៏សំខាន់នៅក្នុងដំណើរទស្សនកិច្ចដែលធ្វើឡើងចំខួបលើកទី៤៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងចិន និងអឺរ៉ុប

បើតាមទីភ្នាក់ងារព័ត៌មាន AFP បានចេញផ្សាយថា អ៊ីតាលី គឺជាប្រទេសដំបូង ដែលរដ្ឋមន្ត្រីការបរទេសចិន ត្រូវធ្វើទស្សនកិច្ច ទីក្រុងរ៉ូមដោយមិនសំដៅទៅប្រទេសណាមួយ លោក វ៉ាង បានលើកឡើងថា ការញុះញង់ និងការបំផ្លាញពីកម្លាំងខាងក្រៅ កំពុងវាយប្រហារលើអឺរ៉ុប ជាមួយគ្នានេះទីប្រឹក្សារដ្ឋចិនរូបនេះ បានបន្តយ៉ាងដូច្នេះថា «​ការសាមគី្គ ស្ថិរភាព និងវិបុលភាពរបស់អឺរ៉ុប គឺសំខាន់ណាស់សម្រាប់ពិភពលោកទាំងមូល​»​

អ៊ីតាលី គឺជាសមាជិកតែមួយគត់នៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង (G7) ដែលបានចុះហត្ថលេខាលើគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធនិងពាណិជ្ជកម្ម «​ផ្លូវមួយខ្សែក្រវាត់មួយ​» របស់ចិន គម្រោងនេះ ត្រូវបានប្រទេសមួយចំនួនយល់ថា ធ្វើឲ្យប្រទេសតូចៗជំពាក់បំណុលចិន និងជួយបង្កើនឥទ្ធិពលរបស់ចិនជាដើម

ក្នុងដំណើរទស្សនកិច្ចនេះ លោក វ៉ាង និងលោក Luigi Di Maio រដ្ឋមន្ត្រីការបរទេសអ៊ីតាលី ក៏បានចុះហត្ថលេខាលើកិច្ចព្រមពៀងពាណិជ្ជកម្មថ្មីចំនួនផងដែរ កាលពីឆ្នាំ ២០១៩កន្លងទៅ ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីស៊ី ជិនភីង នៅអ៊ីតាលី ភាគីទាំងពីរ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនពាន់លានដុល្លារ

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី បានធ្វើឡើងស្របពេលចិន និងអាមេរិក កំពុងមានម្លាំជាច្រើន ដែលមានចាប់តាំងពីសមុទ្រចិនខាងត្បូង បញ្ហាហុងកុង រហូតដល់ពាណិជ្ជកម្ម ក្រៅពីនេះ បញ្ហាហុងកុង ក៏ជាប្រធានបទដ៏សំខាន់ផងដែរ ស្របពេលលោកវ៉ាងធ្វើដំណើរទស្សនកិច្ចទៅអឺរ៉ុប សកម្មជនហុងកុង លោក​Nathan Law បានទទូចឲ្យអ៊ីតាលី រិះគន់ចិន លើការរំលោភសិទ្ធិមនុស្សនៅក្នុងដែនដីស្វយ័តមួយនេះដោយ៖សតារា


ចែករំលែក៖