ព័ត៌មានទាន់ហេតុការណ៍៖

ដឹកនោះដឹក រហូតដល់ធ្លាក់អីវ៉ាន់រាយប៉ាយពេញផ្លូវបង្កការកកស្ទះចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកូរ៉េដឹកលើសទម្ងន់បើកបរឆ្លងកាត់មូលដ្ឋានខណ្ឌ៧មករា បណ្ដាលឱ្យធ្លាក់អីវ៉ាន់ពាសពេញផ្លូវ បង្កការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរនៅតាមបណ្តោយផ្លូវសុកហុក តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសឡើយ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ១៨២ កែងផ្លូវសុកហុក ក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តដឹកទំនិញលើសទម្ងន់និងរៀបដាក់អីវ៉ាន់មិនបានត្រឹមត្រូវ ជារថយន្តកូរ៉េពណ៌ទឹកប៊ិក ពាក់ស្លាកលេខភ្នំពេញ 3F-2329 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៩ ក្នុងមូលដ្ឋានខណ្ឌ៧មករា ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវលេខ១៨២ កែងផ្លូវសុកហុក បានធ្លាក់អីវ៉ាន់ពាសពេញផ្លូវ បង្កការកកស្ទះចរាចរណ៍ ហើយភ្លាមៗនោះកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌ៧មករា បានចុះទៅសម្រួលចរាចរណ៍ ជូនដល់បងប្អូនធ្វើដំណើរផងដែរ។

ក្រោយពេលកើតហេតុ នគរបាលចរាចរណ៍បាននាំយករថយន្តបង្កមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការអប់រំនិងធ្វើកិច្ចសន្យា៕ដោយ៖ រ៉ារ៉ា


ចែករំលែក៖