ខេត្តស្ទឹងត្រែង៖ អគ្គនាយកដ្ឋានបុគ្គលិក នៃក្រសួងផែនការ បានធ្វើការរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីរបស់ខ្លួន ដែលមកពីខេត្តចំនួន៦ រួមមានខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និង ខេត្តស្ទឹងត្រែង ស្តីពីការពង្រឹងស្ថាប័ន និងការកសាងសមត្ថភាពមន្រ្តីរាជការផែនការ រាជធានី-ខេត្ត សម្រាប់ឆ្នាំ២០២០។
វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃ ២៦ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ នៅសាលប្រជុំសណ្ឋាគាររស្មីពេជ្រ ក្រោមអធិបតីភាព លោកវង្ស សាម៉ុន រដ្ឋលេខាធិការក្រសួងផែនការ និង អមដំណើរដោយអនុរដ្ឋលេខាធិការ និង ចូលរួមជាគណៈអធិបតីដោយលោកដួង ពៅ អភិបាលរងខេត្ត តំណាងឲ្យលោក អភិបាលខេត្ត និងសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនរូប ។
លោកវង្ស សាម៉ុន រដ្ឋលេខាធិការក្រសួងផែនការបានបញ្ជាក់ថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងស្ថាប័ន និងការកសាងសមត្ថភាពមន្រ្តីរាជការរហូតឈានដល់ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈដែលនេះជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពនានារបស់រាជរដ្ឋាភិបាល សំដៅក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យសាធារណៈ ឲ្យកាន់តែមានសមត្ថភាពមានវិជ្ជាជីវៈច្បាស់លាស់ និងមានប្រសិទ្ធភាពក្នុងការបំពេញការងារ ដែលនេះគឺជាការងារគន្លឹះនិងមានសារៈសំខាន់បំផុត ។
លោកបានបញ្ជាក់បន្ថែមថា ការពង្រឹងស្ថាប័ន និងការកសាងសមត្ថភាពមន្ត្រីរាជការ ដែលរៀបចំឡើងនៅពេលនេះ គឺដើម្បីសម្របសម្រួល និងជួយដល់មន្ទីរផែនការឲ្យសម្រេចបាននូវគោលដៅ របស់ក្រសួងផែនការ ក៏ដូចជារាជរដ្ឋាភិបាលដែលដាក់ចេញឱ្យមន្រ្តីរាជការអនុវត្តជាប្រចាំ ដើម្បីកសាងសមត្ថភាព និងជំរុញឲ្យមន្ត្រីម្នាក់ៗបំពេញការងារកាន់តែមានប្រសិទ្ធភាព មានការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រកាន់ខ្ជាប់នូវឆន្ទៈម្ចាស់ការ ភក្តីភាព និងមានមនសិការខ្ពស់ចំពោះវិជ្ជាជីវៈ បង្កើតឲ្យមានយន្តការចែករំលែកបទពិសោធន៍ល្អៗដែលបានមកពីការអនុវត្តការងារ ។
ឆ្លៀតក្នុងឱកាសនោះដែរលោកវង្ស សាម៉ុន ក៏បានសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះជាស្មារតីជួយដល់មន្ត្រីរាជការ និងថ្នាក់ដឹកនាំមន្ទីរ មានឱកាសសិក្សាបន្ថែមនូវចំណុចល្អ និងសំខាន់ៗដើម្បីឲ្យការអនុវត្តការងារទទួលបានលទ្ធផលល្អ និងស៊ីចង្វាក់គ្នា មានការអភិវឌ្ឍ និងមាននិរន្តរភាព ។
ជាចុងក្រោយលោកក៏បានជំរុញដល់មន្ត្រី ដែលជាសិក្ខាកាមទាំងអស់ត្រូវសិក្សាស្វែងយល់ពីលិខិតបទដ្ឋាននានាពាក់ព័ន្ធនិឹងតួនាទីភារកិច្ចរបស់ខ្លួន និងត្រូវបង្កើនកិច្ចសហការល្អក្នុងអង្គភាព និងផ្នែកជំនាញនីមួយៗឲ្យបានល្អប្រសើរ ក្នុងការបំពេញភារកិច្ចដោយឈរលើស្មារតីទទួលខុសត្រូវ ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តិ គោលការណ៍ច្បាប់ច្បាស់លាស់ និងភាពម្ចាស់ការ ព្រមទាំង ត្រូវយកចិត្តទុកដាក់ បន្តលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដើម្បីធានាបាននូវការអនុវត្តតួនាទី ភារកិច្ចប្រកបដោយសក្តានុពល និងសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយត្រូវតម្កល់ប្រយោជន៍រួមរបស់អង្គភាពជាអាទិភាព ៕
ដោយ៖មាស សុផាត