ភ្នំពេញ៖ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានចេញផ្សាយថា កាលពីថ្ងៃទី២៥ ខែសីហាម្សិលមិញនេះរដ្ឋាភិបាលចិនបានដាក់ការតវ៉ាមួយទៅកាន់អាមេរិក ដោយចោទប្រកាន់អាមេរិកថា៖ បានបញ្ជូនយន្តហោះស៊ើបការណ៍ U-2 មួយគ្រឿងចូលតំបន់ហាមឃាត់ការហោះហើរ ខណៈយោធាចិនកំពុងធ្វើសមយុទ្ធយោធា ។ ជាការឆ្លើយតបអាមេរិក អះអាងថា ការហោះហើរនេះ គឺផ្អែកទៅតាមច្បាប់អន្តរជាតិ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិចិន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វាគឺជាសកម្មភាពញុះញង់សុទ្ធសាធ ហើយចិនជំទាស់យ៉ាងខ្លាំងលើបញ្ហានេះ និងដាក់ការតវ៉ាទៅកាន់ភាគីអាមេរិក»។ ខណៈក្រសួងការពារជាតិចិន បានថ្កោលទោសអាមេរិកថា៖ បានជ្រៀតជ្រែកធ្ងន់ធ្ងរ មកក្នុងសមយុទ្ធយោធាដែលធ្វើជាធម្មតា ហើយសកម្មភាពបែបនេះ អាចបង្កឲ្យមានការយល់ច្រឡំ ឬអាចបង្កឲ្យមានឧបទ្ទវហេតុណាមួយកើតឡើង។
សូមជម្រាបថា ស្របពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងមានបញ្ហាជាច្រើនជាមួយគ្នា អាមេរិក បានបញ្ជូនយន្តហោះ U-2 មួយគ្រឿង មកក្នុងតំបន់មួយ ដែលចិនកំណត់ជាតំបន់គ្មានការហោះហើរ។ ជាក់ស្ដែងតំបន់នោះ ក៏ជាទីតាំងយោធាចិនកំពុងធ្វើសមយុទ្ធយោធា។
ជាមួយគ្នានោះដែរ ភាគីចិនមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ទេ ថាតើហេតុការណ៍មួយនេះ កើតឡើងនៅកន្លែងណាឡើយ ព្រោះពេលនេះ ចិនកំពុងមានសមយុទ្ធយោធានៅតំបន់ជាច្រើន ក្នុងនោះមានដូចជា៖ សមយុទ្ធនៅសមុទ្រBohai នៅភាគខាងកើតចិន, សមុទ្រលឿងនៅក្បែរឧបទ្វីបកូរ៉េនិងសមុទ្រចិនខាងត្បូងជាដើម។
ទីភ្នាក់ងារព័ត៌មាន Reuters និយាយថា ជាការឆ្លើយតបនឹងការតវ៉ារបស់ចិន យោធាអាមេរិក បានអះអាងក្នុងសេចក្តីថ្លែងការណ៍មួយថាការហោះហើររបស់យន្តហោះ U-2 ដែលធ្វើឡើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺផ្អែកលើច្បាប់អន្តរជាតិ និងបទបញ្ញត្តិស្តីពីការហោះហើរ។
គួរបញ្ជាក់ថា យន្តហោះស៊ើបការណ៍ U-2 អាចហោះហើរបានកម្ពស់ជាង២១គីឡូម៉ែត្រ និងអាចស៊ើបការណ៍ពីចម្ងាយបាន ដោយមិនចាំបាច់ចូលទៅក្នុងតំបន់គ្មានការហោះហើរ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០០១ យន្តហោះស៊ើបការណ៍របស់អាមេរិកមួយគ្រឿង ត្រូវបានបង្អាក់ដំណើរដោយ យន្តហោះចម្បាំងរបស់ចិនមួយគ្រឿង។ ដោយក្នុងហេតុការណ៍នេះ អ្នកបើកយន្តហោះចិនម្នាក់បានស្លាប់ ចំណែកយន្តហោះអាមេរិកត្រូវចុះចតជាបន្ទាន់នៅមូលដ្ឋានយោធាមួយលើកោះហៃណាន៕ ដោយ៖ស តារា