ភ្នំពេញ៖ ជាតិដែក (Iron) របស់ម្សៅទឹកដោះគោ Nutrilatt មានកម្រិតទាបជាងការប្រកាសរបស់ក្រុមហ៊ុន និងស្តង់ដារកូដិចអន្តរជាតិ។ នេះជាលើកឡើងពីលោក អគ្គនាយកដ្ឋាន «ក.ប.ប.» បង្ហាញលទ្ធផលនៃការវិភាគរកឃើញថាដូចខាងលើ។
សូមបញ្ជាក់ថា៖ នៅសាលប្រជុំនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានរៀបចំ កិច្ចប្រជុំស្តីពីការបង្ហាញលទ្ធផលវិភាគម្សៅទឹកដោះគោម៉ាក Nutrilatt លើលេខ Batch ចំនួន ៦ (B/N: 487, 488, 536, 537, 538, 539) ដែលធ្វើការវិភាគដោយមន្ទីរពិសោធន៍ឯករាជ្យនិងមានការទទួលស្គាល់ជាអន្តរជាតិ (Independent and Internationally Accredited Laboratory) ឈ្មោះ Eurofins Food Testing Singapore PTE LTD. នៅប្រទេសសឹង្ហបុរី ក្រោមកិច្ចសម្របសម្រួលរបស់ លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន ៖
១– មតិស្វាគមន៍របស់លោកអគ្គនាយក នៃអគ្គនាយកដ្ឋាន «ក.ប.ប.»
២– បទបង្ហាញអំពីសាវតានិងដំណើរការស៊ើបអង្កេតពាក់ព័ន្ធនឹងករណី Nutrilatt
៣– មតិយោបល់របស់តំណាងមាតាបិតាទារករងគ្រោះ
៤– មតិយោបល់របស់តំណាងក្រុមហ៊ុន Nutrilatt
៥– មតិយោបល់ចូលរួមរបស់តំណាងអង្គការអន្តរជាតិ (WHO, UNICEF, HKI) និងមជ្ឈមណ្ឌលគាំពារមាតានិងទារក
៦– ការកាត់ស្រោមសំបុត្រនិងប្រកាសលទ្ធផលវិភាគ នៃម្សៅទឹកដោះគោ Nutrilatt លើ B/N: 487, 488, 536, 537, 538, 539 ។ កិច្ចប្រជុំនេះមានការចូលរួមពី តំណាងមាតាបិតានៃទារករងគ្រោះ តំណាងក្រុមហ៊ុន Nutrilatt តំណាងអង្គការ WHO អង្គការ UNICEF អង្គការ Helen Keller International និងតំណាងមជ្ឈមណ្ឌលគាំពារមាតានិងទារកនៃក្រសួងសុខាភិបាល។
សូមជម្រាបថា៖ ជាលទ្ធផលនៃការវិភាគ បានបង្ហាញថា ជាតិដែក (Iron) ដែលមាននៅក្នុងគ្រប់ B/N: 487, 488, 536, 537, 538, 539 មានកម្រិតទាបជាងការប្រកាសរបស់ក្រុមហ៊ុន និងស្តង់ដារកូដិចអន្តរជាតិ (Codex International Standard)។
ដោយមានការឯកភាពពីតំណាងមាតាបិតានិងតំណាងក្រុមហ៊ុន Nutrilatt, អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នឹងរៀបចំជំនួបពិភាក្សារវាងតំណាងមាតាបិតានិងតំណាងក្រុមហ៊ុន Nutrilatt ដើម្បីរកដំណោះស្រាយ នាថ្ងៃទីព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។
នេះក៏ជាសញ្ញាមួយបង្ហាញពីក្តីព្រួយបារម្ភលើបញ្ហាសុខភាព បើជាតិដែក (Iron) របស់ម្សៅទឹកដោះគោ Nutrilatt មានកម្រិតទាបជាងការប្រកាសរបស់ក្រុមហ៊ុន និងស្តង់ដារកូដិចអន្តរជាតិ៕
ដោយ៖ សហការី