ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញ Rodrigo Moreno កំពុងតែឈានទៅរកការផ្លាស់ប្តូរទៅលេងនៅលីគកំពូលរបស់អង់គ្លេសគឺក្លិបដែលទើបនឹងឡើងមក Leeds United។
Valencia បានបញ្ជាក់ពីព័ត៌មាននៅលើគេហទំព័រផ្លូវការរបស់ខ្លួនកាលពីម្សិលមិញដោយពន្យល់ថា ក្លិបបានឈានដល់កិច្ចព្រមព្រៀងបឋមមួយជាមួយក្លិប Leeds United សម្រាប់ការផ្ទេរកីឡាករ Rodrigo Moreno ទៅកាន់ក្លិបអង់គ្លេសមួយនេះដោយរង់ចាំការបំពេញឯកសារ និងបែបបទផ្សេងៗរាប់បញ្ចូលទាំងការត្រួតពិនិត្យសុខភាពជាចាំបាច់ផងដែរ។
អតីតខ្សែប្រយុទ្ធរបស់ក្លិប Real Madrid និង Benfica រូបនេះបានផ្លាស់ទៅលេងនៅ Valencia អស់រយៈពេល៦ឆ្នាំដោយបង្ហាញខ្លួនបាន២២០លើក និងស៊ុតបញ្ចូលទីបាន៥៩គ្រាប់ ប៉ុន្តែហិរញ្ញវត្ថុដ៏លំបាករបស់ក្លិបគឺជាកត្តាសំខាន់ក្នុងការលក់ចេញកីឡាកររូបនេះដើម្បីស្វែងរកហិរញ្ញវត្ថុមកទ្រទ្រង់ក្លិបក៏ដូចជាបង្កើនថវិកាដើម្បីទិញកីឡាករល្អៗនៅរដូវក្តៅខាងមុខ។
បន្ទាប់ពីខកខានមិនបានចូលរួមប្រកួតនៅអឺរ៉ុបរដូវកាលនេះក្លិប Valencia បានលក់ខ្សែការពារកណ្តាល Ezequiel Garay រួចហើយ ខណៈដែលខ្សែបម្រើកណ្តាល Francis Coquelin និង Dani Parejo បានទៅចូលរួមជាមួយក្លិប Villarreal ក្នុងការផ្លាស់ប្តូរមួយដែលមើលទៅហាក់ដូចជាបានធ្វើឱ្យក្លិប Valencia ចុះខ្សោយខាងផ្នែកហិរញ្ញវត្ថុក៏ដូចជាកីឡាករសំខាន់ៗក្នុងក្លិប ៕
ដោយ៖ភារៈ