ព័ត៌មានទាន់ហេតុការណ៍៖

រត់ឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តម៉ាកហ្វត បុកស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្តម៉ាកហ្វតមួយគ្រឿងបានបើកបុកអ្នកថ្មើរជើងម្នាក់ កំពុងរត់ឆ្លងផ្លូវមិនប្រយ័ត្នបណ្តាលឲ្យស្លាប់នៅនឹងកន្លែង និងធ្វើឲ្យខូចខាតរថយន្ត០១គ្រឿង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅរសៀលថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥ ៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ 234-235 ភូមិកំពង់វាំង ឃុំប្រ ឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកស្ទោងបានឲ្យដឹងថារថយន្តបង្កម៉ាកហ្វត ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ព្រះវិហារ 2B-9999 ក្រោយកើតហេតុអ្នកបើកបរមិនស្គាល់អត្តសញ្ញាណចុះគេចខ្លួនបាត់ ។
ចំណែកអ្នកថ្មើរជើងឈ្មោះ វិន សុខាន ភេទស្រី អាយុ ៥១ឆ្នាំ នៅភូមិកំពង់វាំង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ)។រថយន្តនេះបានបើកក្នុងល្បឿនគាប់ជួនជនរងគ្រោះរត់ឆ្លងផ្លូវមិនប្រយ័ត្នផងនោះរថយន្តចាប់ហ្រ្វ័ងមិនទាន់ក៏បុកយ៉ាងពេញទំហឹងតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនៅទីកន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រមូល វត្ថុតាងយករថយន្តម៉ាកហ្វតមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ។ចំណែកឯសពជនរងគ្រោះខាងលើ សមត្ថកិច្ចបានប្រគល់ជូនបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ប្រាថ្នា


ចែករំលែក៖