ខេត្ដឧត្ដរមានជ័យ៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសាឈើស្ពានធ្លាក់សង្កត់ជាប់ចូលទៅក្នុងទឹក កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទស្រុកត្រពាំង ប្រាសាទខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃកើតហេតុសមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីកម្លាំងប្រជាការពារ ភូមិថាមានករណីឈើស្ពានមួយកន្លែង នៅចំណុចចម្ការកៅស៊ូ របស់ក្រុមហ៊ុន បេសរ៉ូយយ៉ាល់ បានធ្លាក់សង្កត់លើមនុស្សបណ្តាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់ ស្ថិតនៅភូមិថ្នល់កែង ឃុំស្រុកត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្រោយទទួលដំណឹងនេះភ្លាម លោកអធិការនគរបាលស្រុក បានចាត់ផ្នែកជំនាញ ចុះពិនិត្យធ្វើកោសល្យវិច័យលើសពជនរងគ្រោះនៅកន្លែងកើតហេតុហើយបានបញ្ជាក់ថាជនរងគ្រោះមាន ឈ្មោះ ស្រឿន ទូច ភេទ ប្រុស អាយុ ៤៤ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ។
យោងតាមការបំភ្លឺរបស់ឈ្មោះ អ៊ុន អូន ភេទ ស្រី អាយុ ៤៥ឆ្នាំ ជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង ១១ព្រឹកថ្ងៃកើតហេតុ ប្តីរបស់គាត់ (ជនរងគ្រោះ) ជាមួយនឹងកូន ០២នាក់ បានជិះគោយន្តចេញផ្ទះដើម្បីទៅដកដំឡូងនៅចម្ការ។ លុះធ្វើដំណើរដល់កន្លែងកើតហេតុ ប្តីរបស់គាត់បានឃើញស្ពានមានសភាពទ្រុឌទ្រោម ឃើញដូចនេះគាត់ក៏បានចុះពិនិត្យមើល ក៏បានឃើញខ្សែកាបនៅជាប់ជាមួយឈើស្ពានស្រាប់ គាត់បានចុះទៅក្រោមស្ពានដើម្បីទាញយកខ្សែកាបនោះមកចងទុកឲ្យស្រួលបួលពេលនោះឈើស្ពានក៏បានស្រុតសង្កត់ពីលើ រើខ្លួនពុំរួចនៅក្នុងទឹកជម្រៅ ០.៥០ម៉ែត្រ បណ្តាលឲ្យដាច់ខ្យល់ស្លាប់នៅកន្លែងកើតហេតុតែម្តង។
តាមការការសន្និដ្ឋាន និង យោងការបំភ្លឺ ការពិនិត្យជាក់ស្តែង ជនរងគ្រោះពិតជាស្លាប់ដោយសារត្រូវឈើស្ពានសង្កត់ លើក្នុងទឹកដកដង្ហើមពុំរួច បណ្តាលអោយដាច់ខ្យល់ស្លាប់ ប្រាកដមែន។
ក្រោយធ្វើការពិនិត្យសពរួចរាល់ សមត្ថកិច្ចជំនាញ បានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕
ដោយ៖ប៉ែន នួន